Sponsor
រិទ្ធី

គិតត្រឹមថ្ងៃទី០៦ ខែវិច្ឆិកា នេះ សមាជិកបក្សប្រឆាំង៦៥នាក់បានចាកចេញទៅរួមរស់ជាមួយបក្សកាន់ អំណាច ក្នុងនោះមានសមាជិកសភាម្នាក់ផងដែរ។ ចរន្តនៃការចាកចេញនេះកើតឡើងជាបន្តបន្ទាប់ ក្រោយពេលដែលមានការប្តឹងរំលាយគណបក្សសង្គ្រោះជាតិ ក៏ដូចជាការអំពាវនាវរបស់លោក ហ៊ុន សែន ដោយធានារក្សាតួនាទី និងមុខតំណែងរបស់សមាជិកនោះ ប្រសិនមកចុះចូលជាមួយបក្សកាន់អំណាច។ ប៉ុន្តែសមាជិកដ៏ច្រើនលើសលប់ និងចៅសង្កាត់បក្សប្រឆាំងផ្សេងទៀតអះអាងថា ខ្លួនសុខចិត្តអស់តំណែងតែមិនក្បត់បក្ស និងឆន្ទៈពលរដ្ឋឡើយ។

ក្នុងលិខិតលាលែងរបស់សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ និងថ្នាក់ដឹកនាំមូលដ្ឋានសុទ្ធតែអះអាងថា ការចាកចេញពីបក្សគឺបន្ទាប់ពីខ្លួនបានដឹងពីអំពើក្បត់ជាតិរបស់លោក កឹម សុខា។

ប៉ុន្តែ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានចេញវីដេអូឃ្លីប កាលពីថ្ងៃទី០៤ ខែវិច្ឆិកា អំពាវនាវសមាជិកបក្សកុំចាញ់បោកការឃោសនារបស់លោក ហ៊ុន សែន។ លោក បញ្ជាក់ទៀតថា គណបក្សសង្គ្រោះជាតិនឹងមិនត្រូវរំលាយនោះទេ ហើយលោកព្រមានដល់សមាជិកដែលមានបំណងចាកចេញឬចាកចេញហើយថា ប្រយ័ត្នទៅមុខក៏មិនដល់ ថយក្រោយក៏មិនរួច។

ចំណែកឯ ចៅសង្កាត់នារីវ័យក្មេង និងក្លាហាន នៅសង្កាត់អូរចារ ក្រុងបាត់ដំបង កញ្ញា សិនចាន់ ពៅរ៉ូហ្សិត បានអះអាងនៅចំពោះមុខពលរដ្ឋសង្កាត់អូរចារថា កញ្ញានៅបម្រើបក្សរហូត បើទោះបីកន្លងមកមានការទិញទឹកចិត្ត និងផ្តល់បុណ្យស័ក្តិជាថ្នូរនឹងការដើរចេញពីបក្សសង្គ្រោះជាតិនោះ។ កញ្ញាបន្ថែមទៀតថា មិនក្បត់បក្ស និងឆន្ទះពលរដ្ឋដែលគាំទ្រកញ្ញាឡើយ បើទោះបីនាងត្រូវបាត់បង់តំណែងក៏ដោយ។ 

អ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន ថាចំនួននៃការចាកចេញនេះគឺជាចំនួនពិតដែលថ្នាក់ដឹកនាំបក្សកាន់អំណាចជាអ្នកគ្រប់គ្រង។ លោកបន្តទៀតថា ការចាកចេញនេះមិនមានការទិញទឹកចិត្តអ្វីនោះទេ តែពួកគេបានដឹងពីអំពើក្បត់របស់បក្សខ្លួន។
ទោះជាយ៉ាងណាក្តី កន្លងមក អ្នកវិភាគ និងអ្នកឃ្លាំមើលការបោះឆ្នោតសុទ្ធតែអះអាងថា ចំនួននៃការចាកចេញពីបក្សប្រឆាំងទៅចុះចូលបក្សកាន់អំណាចនៅមានចំនួនតិចតួចជាអាណត្តិមុនៗ។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor