
កាលពីថ្ងៃអាទិត្យ ក្នុងកិច្ចសំណេះសំណាលជាមួយនឹងតំណាងកម្មករ កម្មការិនី នៅកោះពេជ្រ សម្តេច ហ៊ុន សែន បានថ្លែងថា តំណាងរាស្ត្រទាំងអស់ពេលចូលកាន់តំណែងត្រូវប្រកាសទ្រព្យសម្បត្តិ ហើយពេលបញ្ចប់តំណែងក៏ត្រូវប្រកាសទ្រព្យសម្បត្តិដែរ។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ អ្នកខ្លះគេថា ចុះម៉េចរំលាយអញហើយឲ្យអញមកប្រកាសទ្រព្យសម្បត្តិទៀត ប្រយ័ត្នជាប់គុកវ៉ើយ ផ្តាំឲ្យហើយមុនអ្នកឯងចូលកាន់តំណែងអ្នកឯងត្រូវប្រកាសទ្រព្យសម្បត្តិថាមានប៉ុន្មានដល់ពេលចាកចេញពីតំណែងត្រូវទៅប្រកាសឡើងវិញ។ បើលុយហ្នឹងវាលើស អ្ហែងបានម៉ោពីណា លុយហ្នឹង? មិនទាន់ចប់កាតព្វកិច្ចទេ ផ្តាំទៅឲ្យហើយ ប្រយ័ត្នជាប់គុក។
អង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិដែលត្រូវប្រកាសទ្រព្យសម្បត្តិមានជាង ៥៨០០ នាក់ ប៉ុន្តែ អតីតតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សារបស់គណបក្សសង្គ្រោះជាតិជិត៣០០នាក់ តែប៉ុណ្ណោះដែលបានប្រកាសទ្រព្យសម្បត្តិ និងបំណុលឱ្យ ACU។

អតីតតំណាងរាស្ត្រខេត្តតាកែវ របស់គណបក្សសង្គ្រោះជាតិ បានប្តឹងសុំឱ្យតុលាការកំពូលកាត់ក្តីសារថ្មីលើសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ ប៉ុន្តែ ត្រូវបានតុលាការកំពូលបដិសេធ។