
ភ្នំពេញៈ ដោយយល់ថា ទឹកចិត្តស្វាមីស្មោះរកមិនបាន អ្នកនាង សុជាតិ ដែលដឹងថា ខ្លួនដូចជាមានសំណាងបានប្តីថ្នម ស្រាប់តែឮបុរសបណ្តូលចិត្តចង់បានកូននាពេលខាងមុខបន្ថែមអ្នកនាងនឹងពិចារណា។
ក្រោយពេលរៀបការរយៈពេលជាង៣ឆ្នាំ ទើបអ្នកនាង សុជាតិ សម្រេចបំណងពពោះបានកូនស្រី ខណៈដែលពេលនោះ មានដំណឹងថា អ្នកនាង សុជាតិ ពពោះបានសម្រេច ដោយសារចាក់បញ្ចូលមេជីវិត នៅមន្ទីរពេទ្យមួយម្ដុំវិទ្យាល័យព្រះស៊ីសុវត្ថិ។
យ៉ាងណា អ្នកនាង សុជាតិ ធ្លាប់អះអាងថា អ្នកនាងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្ដល់កំណើតឲ្យកូន ពីព្រោះអ្នកនាងធ្លាប់មានកូនប្រុសស្រី២នាក់រួចទៅហើយ ដូច្នេះគ្មានហេតុផលណា ដែលអ្នកនាងត្រូវចាក់បញ្ចូលមេជីវិតនោះទេ ខណៈលោក ជា វិបុល ជាបុរសពេញលក្ខណៈ និងមានសុខភាពល្អរឹងមាំ។
ពោលគឺអ្នកនាងទទួលបានចំណងដៃកូនស្រីឈ្មោះ ដូរី គួរឲ្យស្រលាញ់តាមរយៈសមត្ថភាពធម្មជាតិ យ៉ាងពិតប្រាកដ។ គង់ សុជាតិ ដែលកំពុងមានសុភមង្គលយ៉ាងកក់ក្ដៅ ជាមួយស្វាមីលោក ជា វិបុល បានបង្ហោះសារនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាម ដោយបានចោទសួរអ្នកគាំទ្រថា «ប្ដីខ្ញុំថា ឲ្យខ្ញុំយកកូនមួយទៀតទៅ គួរតែមានអត់បងប្អូន?»។
មិត្តភក្ដិនៅក្នុងបណ្ដាញសង្គមអ៊ីស្តាក្រាមជាច្រើន បានលើកទឹកចិត្តអ្នកនាង សុជាតិ គួរឲ្យយកកូនម្នាក់ទៀតទៅ ដើម្បីស្របតាមបំណងស្វាមី ខណៈអ្នកខ្លះលើកឡើងថា វ័យរបស់អ្នក នាង សុជាតិ មិនទាន់ហួសពេលទេ គឺនៅតែអាចយកកូនបន្ថែមទៀតបាន។ ខណៈអ្នកខ្លះទៀតថា បើទោះបីពេលអ្នកនាងកំពុងមានផ្ទៃពោះ ក៏នៅតែស្រស់ស្អាត និងហាក់ពុំពិបាកសម្រស់ទាល់តែសោះ។

យ៉ាងណា អ្នកនាង សុជាតិ មិនទាន់បញ្ជាក់ថា នឹងត្រូវយកកូនបន្ថែមទៀត ឬយ៉ាងណានោះទេ គឺអ្នកនាងកំពុងស្ថិតនៅក្នុងការពិចារណានៅឡើយ ប៉ុន្តែប្រាកដណាស់នាងពិតជាចង់បាន ដើម្បីបំពេញចិត្តស្វាមី។ កន្លងមក អ្នកនាង សុជាតិ បានបង្ហើបគម្រោងយកតែម្នាក់ប៉ុណ្ណោះ ព្រោះអ្នកនាងមានកូនប្រុសស្រី២នាក់រួចទៅហើយ ប៉ុន្តែអ្នកនាងបង្ហើបថា ស្វាមីកំពុងចង់បានកូនម្នាក់បន្ថែមទៀត ដើម្បីបង្កើនភាពកក់ក្ដៅក្នុងគ្រួសារ ខណៈមិត្តភក្ដិជាច្រើន គាំទ្រឲ្យអ្នកនាង យកកូនម្នាក់ទៀត ដើម្បីបំពេញបំណងស្វាមី។
គេចាំបានថា អ្នកនាង គង់ សុជាតិ បានចូលនឹមអាពាហ៍ពិពាហ៍ជាមួយពិធីករល្បីឈ្មោះ លោក ជា វិបុល កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសណ្ឋាគារកុងទីណង់តាល់ ក្រោមវត្តមានភ្ញៀវកិត្តិយសជាច្រើន ចូលរួមផងដែរ៕






