
ភ្នំពេញៈ មន្ត្រីចូលនិវត្តម្នាក់ ជិះកង់ធ្លាក់ផ្លូវកម្ពស់៤ម៉ែត្រ បាក់កស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បង្ករឲ្យមានការណ៍ភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១៖៣០នាទីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវលេខ១៥១ ត្រង់ចំមាត់ប្រឡាយទឹកមុខបន្ទាយដើមអំពិក ភូមិធំខាងជើង សង្កាត់ពញ្ញាពុន ខណ្ឌព្រែកព្នៅ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ងួន វ៉េត ភេទប្រុស អាយុ៥៧ឆ្នាំមុខជាមន្ត្រីយោធាចូលនិវត្ត មានទីលំនៅក្នុងភូមិធំខាងត្បូង សង្កាត់ពញ្ញាពុន ខណ្ឌព្រែកព្នៅ។

តាមសាក្សីនៅកន្លែងកើតហេតុ ឈ្មោះ សៀន សុជាតា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរលក់ដូរ នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ នាងបានដើរគោលបំណងចុះទៅបេះផ្លែឈូក ខណៈពេលដើរចុះដល់មាត់ប្រឡាយ ក៏ប្រទះឃើញសពជនរងគ្រោះដេកផ្កាប់មុខក្នុងប្រឡាយទឹក ដោយជើងម្ខាងគងលើកង់ ជើងម្ខាងនៅក្រោមកង់ ក៏ស្រែកឆឡោបង្ករឲ្យមានការណ៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅម្តុំនោះ និងអ្នកធ្វើដំណើរឆ្លងកាត់ទីនោះ ចោមរោមមើលហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះមកពិនិត្យសាកសព បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យរួចរាល់ និងបញ្ជាក់ថា សពជនរងគ្រោះពិតជាជិះកង់ធ្លាក់ផ្លូវ បណ្តាលឲ្យបាក់ស្លាប់ពិតប្រាកដមែន សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានក្នុងភូមធំខាងត្បូង៕



