Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អតីតគណបក្សសង្រ្គោះជាតិ (CNRP) ដែលមិនទាន់កាត់សិទ្ធិនយោបាយ មិនបង្កើតបក្សថ្មី ដើម្បីចូលរួមប្រកួតប្រជែងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខទេ អត់ក៏អត់ទៅ គ្មានអ្នកណាទៅចាប់បង្ខំឲ្យបង្កើតឡើយ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណចផងនោះ បន្ទាប់ពីសម្តេចបានប្រកាសកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ឲ្យបង្កើតបក្សថ្មីជំនួសបក្សចាស់ ព្រោះបក្សចាស់ មិនមានផ្លូវបើកឲ្យដំណើរការឡើងវិញទេ ក្រោយពីមានការរំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងមកនេះ។

ក្រោយពីការប្រកាសរបស់សម្តេចតេជោ ស្រាប់តែលោក អេង ឆៃអ៊ាង ដែលជាអតីតអនុប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងតបមកសម្តេចវិញថា ​បើសិនជាពួកគាត់ ដែលជាអតីតមន្រ្តីបក្សមកបង្កើតបក្សថ្មីនោះ គឺធ្វើតាមបញ្ជាគេហើយ ហើយគេនឹងបញ្ជាតាមការនឹកឃើញ។

ក្នុងជំនួបជាមួយកម្មករជាង១ម៉ឺននាក់ ដែលបម្រើការងារនៅរោងចក្រក្នុងតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ សម្តេចតេជោ បានថ្លែងថា ឆ្នាំ២០១៨ខាងមុខ ជាឆ្នាំបោះឆ្នោតថ្នាក់ជាតិ ដូច្នេះកម្មករ-កម្មការិនីទាំងអស់ ត្រូវទៅផ្ទៀងផ្ទាត់ឈ្មោះ ដើម្បីបានចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនាំ។ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ប៉ុន្តែអង្គបោះឆ្នោតមិនមែនប្រជាពលរដ្ឋទាំងអស់នោះទេ។

សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ត្រូវតែមានទោះគ្មាន អ្នកណាក៏ដោយ ឬមានអ្នកខ្លះមកឌឺដងក៏ដោយ។

សម្តេចនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា បើអតីតបក្សប្រឆាំង មិនបង្កើតបក្សថ្មីទេ គឺជារឿងរបស់ពួកគេ។ សម្តេចថា ចំពោះអតីតតំណាងរាស្រ្តបក្សប្រឆាំង គេចខ្លួនទៅក្រៅប្រទេសនោះ គឺទៅដោយខ្លួនឯង គ្មានអ្នកណាបណ្តេញចេញនោះទេ ហើយបើចង់មករស់នៅប្រទេសកម្ពុជាវិញ ក៏គ្មានអ្នកណាហាមឃាត់ដែរ។

សម្តេចតេជោ បានបញ្ជាក់ថា “ពេលដែលយើងនិយាយថា គួរតែបង្កើតបក្សទៅ ជាការផ្តល់យោបល់មួយ គេថា មិនចាំបាច់ផ្តល់យោបល់ គេមិនបង្កើត ហ្អែងមិនបង្កើតទេ ម៉ែអញ មុខដូចម៉ែអញ ឯងចង់ទៅងាប់ណាទៅងាប់ទៅ។ សូមកុំភ័ន្តច្រឡំ យើងមិនបានដេញអ្នកឯងចេញទេ អ្នកឯងចេញទៅក្រៅស្រុកខ្លួនឯងតើ ខ្លះចេញទៅចូលមកវិញហើយ ខ្ញុំដឹងតើ គ្រាន់តែមិនមកដេកផ្ទះ ដេកផ្ទះអ្នកនេះ ដេកផ្ទះអ្នកនោះ។ អ្នកឯង ចង់មកវិញ មានអ្នកណាហាមឃាត់។ សូម្បីតែអ្នកនយោបាយ១១៨រូប ដែលហាមឃាត់មិនឲ្យធ្វើនយោបាយតើ មិនមែនចាប់អ្នកឯងដាក់គុកឯណា អ្នកឯងចង់មកក៏មក ចង់ទៅទៅ”

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor