
ភ្នំពេញៈ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ បន្ទាប់ពីជនបររទេសម្នាក់ លោតពីលើអគារខុនដូរមួយកន្លែង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងដោយមិនដឹងមូលហេតុ ថាជាករណីអត្តឃាត ឬជាឃាតកម្មនោះទេ។
ប្រភពព័ត៌មានបានឱ្យដឹងថា ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលីវេលាម៉ោង៦ និង៣០នាទី ថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧នេះ នៅចំណុចខុនដូរឈ្មោះ តារាសុភមង្គល ស្ថិតនៅតាមផ្លូវលេខ១២៣ កែងផ្លូវលេខ៤៥៦ ស្ថិតក្នុងភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ខចំកាមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ CROAS DALEMICHAEL RICHARD ភេទប្រុស។

មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើមានការភ្ញាក់ផ្អើលមួយបានកើតឡើង ព្រោះមានបុរសជាជនជាតិបរទេសម្នាក់បានលោតពីលើអគារខុនដូរជាន់ទី៣ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ក្នុងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចនៅមិនទាន់ដឹងមូលហេតុនៅឡើយទេ ដោយអះអាងថា កំពុងបន្តធ្វើការស្រាវជ្រាវបន្ថែមទៀត។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅមន្ទីរពេទ្យរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

