
កណ្តាលៈ សំណុំរឿងល្បែងស៊ីសងក្នុងសង្វៀនបញ្ជល់មាន់ដ៏ធំ នៅស្រុកល្វាឯម ខេត្តកណ្តាល ពាក់ព័ន្ធកូនប្រសារបស់លោក ហ៊ុន សាន រហូតមកទល់នឹងពេលនេះ តុលាការត្រៀមបិទបញ្ចប់ហើយ បន្ទាប់ពីតុលាការបានចេញដីកាឃុំខ្លួនម្ចាស់សង្វៀនបណ្តោះអាសន្ន នៅល្ងាចថ្ងៃអង្គារនេះ។ ក្រៅពីសម្រេចឃុំខ្លួនម្ចាស់សង្វៀន ចៅក្រមតុលាការខេត្តកណ្ដាល ក៏បានសម្រេចផ្ដន្ទាទោសអ្នកលេងជាង៦០នាក់ ដាក់ពន្ធនាគាររយៈពេល១ខែ ប៉ុន្តែទោសត្រូវព្យួរទាំងអស់។
អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល លោក ទិន សុចិត្ត្រា ប្រាប់សារព័ត៌មាន Cam Post ថា ម្ចាស់ទីតាំងបញ្ជល់មាន់ឈ្មោះ ថៃ ផានី ហៅ ម៉ាប់ ត្រូវបានប្រធានតុលាការ និងជាចៅក្រមខេត្តកណ្តាល លោក ហុក វ៉ាន់ធីណា សម្រេចឃុំខ្លួនបណ្តោះអាសន្នហើយ បន្ទាប់ពីព្រះរាជអាជា្ញរងអមសាលាដំបូងខេត្ត លោក ឯក ស៊ុនរស្មី សម្រេចចោទប្រកាន់ពីបទ “ផ្តល់ទីតាំងឲ្យលេងល្បែងស៊ីសង“ តាមមាត្រា៥ នៃច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង។
យោងតាមមាត្រា៥ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង សម្រេចផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល (៥.០០០.០០០៛០០) ដល់ម្ភៃលានរៀល (២០.០០០.០០០៛០០) ឬដាក់ពន្ធនាគារពីមួយឆ្នាំ ដល់ប្រាំឆ្នាំ។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ និងដាក់ពន្ធនាគារខាងលើនេះ ជាអតិបរមា។

លោក ថៃ ផានី កូនប្រសាលោក ហ៊ុន សាន រួមនឹងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត ត្រូវប៉ូលិសខេត្តកណ្តាល បញ្ជូនមកតុលាការនៅពេលរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះ។ ប៉ុន្មានម៉ោងក្រោយមក លោក ថៃ ផានី ម្នាក់ឯង ក៏ត្រូវបានតុលាការ ចេញដីកាឃុំខ្លួនបណ្តោះអាសន្ន ខណៈអ្នកលេងល្បែងជល់មាន់៦៤នាក់ផ្សេងទៀត ត្រូវបានលោក សាយ សម្ផស្សសេរី ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្ដាល ប្រកាសផ្តន្ទាទោសដាក់ពន្ធនាគារមួយខែ តាមមាត្រា៤ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង។ ប៉ុន្តែទោសនេះត្រូវព្យួរទាំងអស់ ហើយពួកគេក៏ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ។
បើតាមមន្រ្តីតុលាការរ ការសម្រេចឃុំខ្លួនលោក ថៃ ផានី យ៉ាងលឿនដូចផ្លេកបន្ទោរបែបនេះ ដោយសារតុលាការ សំអាងថា មានភស្តុតាងគ្រប់គ្រាន់។


សូមបញ្ជាក់ថា អាជ្ញាធរខេត្តតាកែវ និងខេត្តកណ្តាល ក្នុងរយៈពេល២ថ្ងៃ ពោល គឺនៅថ្ងៃទី៣ និងទី៤ ខែធ្នូ ឆ្នាំ២០១៧ បានបើកប្រតិបត្តិការធំដ៏កម្រជាបន្តបន្ទាប់ រហូតឈានដល់ការបង្រ្កាបទីតាំងសង្វៀនជល់មាន់របស់កូនប្រសាលោក ហ៊ុន សាន ដែលមានទីតាំងនៅក្បែររបងវត្តខ្សាច់ពោធិ៍អារ្យ ស្ថិតក្នុងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ ព្រមទាំងចាប់ខ្លួនមនុស្សជាង១០០នាក់ និងរឹបអូសវត្ថុតាងជាច្រើនផងដែរ។
អភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ បានប្រាប់ Cam Post ថា “ទីតាំងនេះ គេធ្លាប់ណែនាំច្រើនលើកច្រើនសារហើយ ប៉ុន្តែមិនទាន់ដល់ពេលចាត់ការ មិនមានន័យថា គេខ្លាចនោះទេ! ហើយទីតាំងសង្វៀងជល់មាន់នេះ ជាម្ចាស់តែមួយជាមួយម្ចាស់សង្វៀននៅស្រុកបាទី ខេត្តតាកែវ។ ហើយប្រតិបត្តិការបង្ក្រាបនេះ ក្នុងនាម ខ្ញុំជាគណៈបញ្ជាឯកភាពខេត្ត ខ្ញុំបានបញ្ជាឲ្យបង្ក្រាប និងចាត់ការ”។
ម្ចាស់ទីតាំងបញ្ជល់មាន់ដ៏ធំប្រចាំខេត្តទាំងពីរ ត្រូវបានគេស្គាល់ឈ្មោះ ថៃ ផានី ហៅ ម៉ាប់ ជាកូនប្រសាលោក ហ៊ុន សាន។ លោក ថៃ ផានី បានចូលទៅបង្ហាញខ្លួននៅក្រសួងមហាផ្ទៃ កាលពីព្រលប់ថ្ងៃទី៤ ខែធ្នូម្សិលមិញ បន្ទាប់ពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី ចេញបញ្ជាដាច់ណាត់ឲ្យម្ចាស់ទីតាំងបញ្ជល់មាន់នេះ ចូលខ្លួនឲ្យសមត្ថកិច្ចឲ្យខានតែបាន៕