Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ រថយន្តឡង់គ្រីស័រ២គ្រឿង ដែលក្រុមឈ្មួញកែច្នៃសម្រាប់ដឹកឈើប្រណីតដោយខុសច្បាប់ ត្រូវកម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវ សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ចុះបង្ក្រាបកាលពីវេលាម៉ោង៥៖៣០នាទីព្រឹក ថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ត្រង់ចំណុចនិយាមការលេខ៥៦៧៩០,១២៨១៣។

តាមរបាយការណ៍របស់សមត្ថកិច្ច រថយន្តឡង់គ្រីស័រតម្រូវបានកែច្នៃសម្រាប់ដឹកឈើប្រណីតប្រភេទសុក្រំ២គ្រឿង មាន ១-រថយន្តម៉ាក ឡង់គ្រីស័រ កែច្នៃ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-1714 ដឹកឈើប្រភេទសុក្រំ ចំនួន៤ដុំធំៗ មានមុខកាត់៤០ ប្រវែង៤ម៉ែត្រ និង២-រថយន្តម៉ាក ឡង់គ្រីស័រ កែច្នៃ ពណ៌ស អត់ស្លាកលេខ ដឹកឈើសុក្រំចំនួន៨ដុំ មានមុខកាត់៤០ ប្រវែង៤ម៉ែត្រ។

សមត្ថកិច្ចចុះបង្ក្រាបឲ្យដឹងថា ដោយមានសេចក្ដីរាយការណ៍ពីភ្ញាក់ងារសម្ងាត់ថា មានរថយន្ត២គ្រឿង កំពុងដឹកឈើនៅចំណុចខាងលើ ទើបកម្លាំងស្រុកអូរយ៉ាដាវ សហការជាមួយកម្លាំងអាវុធលើផ្ទៃប្រទេស ចុះទៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិឃុំខាងលើ ក៏បានប្រទះឃើញរថយន្តល្មើសច្បាប់នេះ។ ហើយលោកក៏បានរឹបអូសតែម្ដង ប៉ុន្តែបន្ទាប់ពីកម្លាំងចុះទៅដល់ចំណុចនោះ អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនចូលព្រៃបាត់ទៅហើយ ទើបសមត្ថកិច្ចមិនទាន់កំណត់បានមុខសញ្ញាម្ចាស់បទល្មើសបាននៅឡើយ។

ដោយឡែក វត្ថុតាងបទល្មើស មានរថយន្ត និងឈើ ត្រូវបានកម្លាំងរឹបអូសយកមករក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដើម្បីចាត់ការបន្ត។ ចំណែកចំនួនបរិមាណឈើក៏នៅមិនទាន់ដឹងនៅឡើយដែរ ដោយរង់ចាំធ្វើការប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើផ្នែកបរកែវ ចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor