
ភ្នំពេញៈ គណបក្សភ្លើងទៀន បានយកអតីតស្នាក់ការគណបក្សសង្គ្រោះជាតិ ធ្វើជាស្នាក់ការកណ្តាលរបស់ខ្លួន។ នេះបើតាមមន្ត្រីអតីតគណបក្សនេះឲ្យដឹង។
យោងតាមណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Choeun Chhum ដែលគេស្គាល់ថា ជាជំនួសការរបស់លោក អ៊ូ ច័ន្ទរ័ត្ន អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ បានសសេរអមដោយ រូបសញ្ញាគណបក្សភ្លើងទៀនថា ស្នាក់ការកណ្តាលគណបក្សនេះស្ថិតនៅផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ខាងអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលអាសយដ្ឋាននេះជាអតីតស្នាក់ការគណបក្សសង្គ្រោះជាតិ។
ប្រភពបានបញ្ជាក់ថា «នៅក្នុងស្រុក និងក្រៅស្រុកតស៊ូដើម្បីធ្វើយ៉ាងណាឲ្យសង្គ្រោះជាតិរស់ឡើងវិញ ចុះឥឡូវ មិចបានជាគណបក្សភ្លើងទៀនយកទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិធ្វើជាទីតាំងរប់សខ្លូនទៅវិញ?
ប្រភពដែលស្មោះត្រង់នឹងលោក អ៊ូ ច័ន្ទរ័ត្ន យ៉ាងប្តូរផ្តាច់នេះ បានដាក់ជាសំណួរថា តើមានអ្វីនៅពីក្រោយរឿងនេះ? សូមជួយពន្យល់ខ្ញុំផង ខ្ញុំនៅក្មេងខ្ចីនយោបាយ! ការពិតនៅ តែជាការពិត?
ការលើកឡើងរបស់ជំនួយការរបស់អតីតសមាជិកសភាគណបក្សប្រឆាំងនេះ ខណៈដែល គណបក្សសង្គ្រោះជាតិ ត្រូវតុលាការកំពូលសម្រេចរំលាយចោលអស់រយៈពេលជិត១ខែមក ហើយ(ថ្ងៃទី១៦ វិច្ឆិកាឆ្នាំ២០១៧)។ ជាងនេះតុលាការមិនអនុញ្ញាតឲ្យមន្ត្រីនយោបាយចំនួន១១៨រូប របស់គណបក្សនេះធ្វើនយោបាយ៥ឆ្នាំថែមទៀត។
បន្ទាប់ពីត្រួវបានតុលាការរំលាយ និងប្រធានគណបក្សលោក កឹម សុខា ជាប់ពន្ធនាគារថ្នាក់ដឹកនាំគណបក្សមួយចំនួនបានចាក់ចេញទៅក្រៅប្រទេស ដើម្បីធ្វើការកៀរគរបរទេសដាក់គំនាបមកលើរដ្ឋាភិបាលកម្ពុជាទៀតផង។
សូមជម្រាបថា គណបក្សភ្លើងទៀនបានប្តូរមកពីគណបក្សសម រង្ស៊ី៕
