
កីឡា៖ វាពិតសោកស្តាយណាស់ដែលការប្រឹងប្រែងរបស់អ្នកចាំទីដៃស្អិតជាងតុកែ ស៊ូ យ៉ាទី រហូតត្រូវគេសែងចេញពីទីលានប្រកួត ក្រោយទទួលរងការប៉ះទង្គិចខ្លាំងត្រង់ចង្កេះជាមួយកីឡាករវៀតណាមក្នុងការប្រកួតតង់ទីមួយនិង ត្រូវបានដឹកចេញទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗនោះ ត្រូវបរាជ័យក្រោមថ្វីជើងក្រុម សាណាខាញ់ ហ័រ កាលពីយប់មិញ ក្នុងជំនួបជើងទី២ កម្មវិធីពានរង្វាន់ តូយ៉ូតាមេគង្គក្លឹប នៅពហុកីឡដ្ឋានជាតិអូឡាំពិត។
ការប្រកួតយប់មិញ បឹងកេត ហាក់ធ្វើមិនបានល្អសោះ ដែលបណ្តោយឲ្យក្រុមភ្ញៀវ សាណាខាញ់ ហ័រ របស់វៀតណាមនាំមុខពីរគ្រាប់មុនតង់ទី១ ហើយបន្តបន្ថែមគ្រាប់បាល់នៅតង់ទី ២ ចំនួន៣គ្រាប់ទៀត ធ្វើឲ្យចប់ប្រកួត៩០នាទីបូក៤នាទី បឹងកេត ១-៥ ក្រុមសាណាខាញ់ហ័រ។

ដោយឡែកទិដ្ឋភាពនៅក្រោយគ្រាប់ទី៤របស់ក្រុម សាណាខាញ់ បានធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើន ក្នុងចំណោមអ្នកចូលរួមទស្សនាសរុប ២ម៉ឺន៦ពាន់៥រយ៣នាក់នោះ បានងើបចេញពីកន្លែងអង្គុយយ៉ាងច្រើន ដោយខ្លះលើកឡើងថា បឹងកេតយប់នេះលេងធ្លាក់ជើងណាស់ ហើយខ្លះទៀតក៏បានរិះគន់ផងដែរ ដែលកត្តានេះវាហាក់ធ្វើឲ្យទឹកចិត្តក្រុមកីឡាករ បឹងកេត កាន់តែធ្លាក់ចុះ រហូតរបូតគ្រាប់បាល់ទី៥ មួយគ្រាប់។

នេះឆ្លុះបញ្ជាំងឲ្យឃើញថា កីឡាករទី១២ (អ្នកគាំទ្រ) ពិតជាមានឥទ្ធិពលយ៉ាងខ្លាំង ក្នុងការជំរុញ និងទម្លាក់ចិត្តសាស្ត្ររបស់កីឡាករលើទីលានប្រកួត។ ដូច្នេះសូមចូលរួមទាំងអស់គ្នាដើម្បីគាំទ្រនិងជំរុញវិស័យកីឡាបាល់ទាត់ជាតិយើងកាន់តែរីកចម្រើន។ មិត្តអ្នកអានជាច្រើនលើកឡើងថា Real Fan ទោះលទ្ធផលយ៉ាងណាមិនសូវសំខាន់ទេ អ្វីដែលសំខាន់គឺថាតើកីឡាករប្រឹងលេងក្នុងទម្រង់ល្អប៉ុណ្ណា៕




