
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសប្រាប់ដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ទាំងអស់ ហាមចាក់ផ្សាយបទចម្រៀងមានចំណងជើងថា “គ្រូបង្រៀនស្រវឹងស្រា” របស់ក្រុមហ៊ុនផលិតកម្មថោន។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា បទចម្រៀងរបស់ក្រុមហ៊ុនផលិតកម្មថោន មានចំណងជើងថា “គ្រូបង្រៀនស្រវឹងស្រា” ច្រៀងដោយលោកស្រីចេន សាយចៃ មានខ្លឹមសារបន្តុះបង្អាប់ ប្រមាថ គ្រូបង្រៀនថា ផឹកស្រាស្ទើររាល់ថ្ងៃ ស្រវឹងទាំងថ្ងៃ វាចាធុំក្លិនតែស្រា ឲ្យតែស្រវឹងកាចចម្លែកបង្រៀនប្លែកៗខឹងស្រែកខឹងវាយខុសក្រមច្បាប់គ្រូ ដែលខ្លឹមសារនៃបទចម្រៀងនេះបានប្រាសចាកអំពីអកប្បកិរិយា និងសីលធម៌ថ្លែថ្នូររបស់គ្រូបង្រៀនទូទៅ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀនដែលធ្វើឲ្យមានប្រតិកម្មពីសំណាក់មហាជនទូទៅ និងជះឥទ្ធិពលមិនល្អដល់សង្គមទាំងមូល ហើយសារខ្លឹមសារបទចម្រៀងនេះ បាក់ដក់ជាប់នឹងអារម្មណ៍របស់កុមារតូចៗ ដែលពុំមានមូលដ្ឋាននៃការពិចារណា ច្បាស់លាស់នៅឡើយ។
ដើម្បីចៀសវាងផលអវិជ្ជមាន និងប៉ះពាល់ដល់អារម្មណ៍កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀនទូទៅពីការផ្សព្វផ្សាយបទចម្រៀងនេះ ក្រសួងព័ត៌មាន ស្នើម្ចាស់ស្ថានីយវិទ្យុ ទូរទេស្សន៍ទាំងអស់ ហាមចាក់ផ្សាយបទចម្រៀងមានចំណងជើងថា “គ្រូបង្រៀនស្រវឹងស្រា” របស់ផលិតកម្មថោនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
