បន្ទាយមានជ័យៈ រថយន្តពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម លួចដឹកឈើប្រណីតជាច្រើនដុំ ត្រូវបានកម្លាំងនគរបាលស្រុកម៉ាឡៃ ដឹកនាំដោយលោក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ ដេញចាប់បាន កាលពីវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ លើផ្លូវជាតិ៥៩ ក្នុងភូមិចំបក់ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្នុងការចុះបង្ក្រាបរថយន្តដឹកឈើខាងលើនេះ ក្រោយមានបញ្ជាយ៉ាងមឺងម៉ាត់ពីលោកឧត្តសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ ឲ្យមន្ត្រីក្រោមឱវាទទាំង៩ស្រុកក្រុងធ្វើការបង្ក្រាប និងត្រួតពិនិត្យរាល់បទល្មើសគ្រប់ប្រភេទតាមមូលដ្ឋាន ក្នុងខេត្តបន្ទាយមានជយ័។


លោកអធិការ បានឲ្យដឹងថា រថយន្តដែលសមត្ថកិច្ចចាប់បាននោះ ម៉ាកម៉ាស្ដា ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ០៦២ ៣៥៨៦ ហើយសមត្ថកិច្ចធ្វើការត្រួតពិនិត្យលើរថយន្តរកឃើញឈើប្រភេទត្រសេក និងតាត្រាវចំនួន៣២ដុំ។
បច្ចុប្បន្នរថយន្តល្មើស រួមនឹងឈើទាំងអស់ សមត្ថកិច្ចអូសយកទៅទុកនៅស្នងការនគបាលខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំឯកសារចាត់កាតាមនីតិវិធីច្បាប់ ៕





