ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ អំពីគម្រោងអភិវឌ្ឍន៍នានា របស់ប្រទេសជប៉ុន ដោយសម្តេចថា ពិតជាបានផ្ដល់ចំគោលដៅអាទិភាព នៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះ ខណៈអនុញ្ញាតឱ្យលោក កាហ្ស៊ូយូគី ណាកាណេ (Kazuyuki NAKANE) រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នៅព្រឹកថ្ងៃអាទិត្យ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករានេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបថា នៅក្នុងជំនួបនេះ លោក កាហ្ស៊ូយូគី ណាកាណេ បានគោរពជំរាបជូនសម្តេចតេជោថា នៅក្នុងឱកាសខួបលើទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ហើយជប៉ុន បានមកបើកស្ថានកុងស៊ុល នៅទីក្រុងសៀមរាប ដែលបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង រវាងកម្ពុជា និងជប៉ុន កាន់តែស៊ីជម្រៅថែមទៀត។
លោក អ៊ាង សុផល្លែត បានបន្តឱ្យដឹងថា ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះលោក កាហ្ស៊ូយូគី ណាកាណេ ដែលបានលើកឡើងអំពីគម្រោងជំនួយនានា មកកម្ពុជា ហើយសម្តេច បានមានប្រសាសន៍ថា ជំនួយរបស់ជប៉ុនទាំងអស់ គឺសុទ្ធតែជួយចំគោលដៅ នៃការអភិវឌ្ឍរបស់កម្ពុជា ហើយជំនួយទាំងនោះ គឺពិតជាចំណុចអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដោតសំខាន់ ទៅលើវិស័យធនធានមនុស្ស ទឹក ភ្លើង និងផ្លូវ។
ចំពោះការជួបជាមួយក្រុមនាវាយុវជន អាស៊ាន ជប៉ុននោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះគឺមានសារៈសំខាន់ណាស់ សម្រាប់ការតភ្ជាប់ រវាងប្រជាជន និងប្រជាជន រវាងយុវជន អាស៊ាន និង យុវជនជប៉ុន ដែលមានទំនាក់ទំនងល្អជាមួយគ្នា ហើយនៅពេលនេះទៀតសោត នាវាយុវជនកម្ពុជា បានបង្កើតសមាគមមួយ ហើយសមាគមនាវាយុវជនកម្ពុជា ដែលបានទៅចូលរួមជាមួយនាវាយុវជនអាស៊ាន ជប៉ុន គឺកំពុងមានការកើនឡើងជារៀងរាល់ឆ្នាំផងដែរ៕

