Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ឆ្លើយតបទៅនឹងការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរ ដែលចុះផ្សាយថា ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨ នឹងអាចពន្យាពេលនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា តាមរដ្ឋធម្មនុញ្ញកម្ពុជា នាយករដ្ឋមន្រ្តីគ្មានសិទ្ធិលើកពេល  ឬពន្យារពេលការបោះឆ្នោតទេ ដូច្នេះការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសសមាជិករដ្ឋសភា ដែលបានកំណត់រួចហើយ មិនមានអ្វីផ្លាស់ប្តូរនោះទេ នៅតែបន្តដំណើរការដដែល ទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយ។

សម្តេចតេជោ បានថ្លែងក្នុងឱកាសអញ្ជើញប្រកាសផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពី មនុស្សវ័យចាស់ ឆ្នាំ២០១៧-២០៣០ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ថា អ្វីដែលបានកំណត់រួចហើយ គឺការបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភា នៅថ្ងៃទី២៥ កុម្ភៈ និងការបោះឆ្នោតជ្រើសសមាជិករដ្ឋសភានៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ខាងមុខ ហើយនឹងបន្តធ្វើតាមការគ្រោងទុក ដោយមិនមានការលើកពេលទាំងអស់ ទោះបីមានបញ្ហាអ្វីកើតឡើងក៏ដោយ។

សម្ដេចថា នាយករដ្ឋមន្ត្រីប្រទេសផ្សេងៗ មានសិទ្ធិប្រកាសរំលាយសភា ហើយចាត់តាំងការបោះឆ្នោត តាមអ្វីដែលនាយករដ្ឋមន្ត្រីនោះមើលឃើញថា អនុគ្រោះសម្រាប់បក្សរបស់ខ្លួន។

សម្ដេចបន្ថែមទៀតថា នៅកម្ពុជា នាយករដ្ឋមន្ត្រីគ្មានសិទ្ធិប្រកាសពីពេលវេលានៃការបោះឆ្នោត លើកលែងតែត្រូវធ្វើការស្នើសុំទៅសភា ដោយការអនុម័តសំឡេង២ភាគ៣ និងថ្វាយទៅព្រះមហាក្សត្រ លាយព្រះហត្តលេខា ដើម្បីពន្យារពេល។

សម្ដេចតេជោបញ្ជាក់ថា យើងប្ដូរផ្តាច់ ជាមួយនឹងដំណើរការ ប្រជាធិបតេយ្យដ៏ទៀងទាត់របស់យើង តាមការគ្រោងទុកពិតប្រាកដរបស់យើង ពិតមែនតែកាលបរិច្ឆេទ ប្រកាសដោយនាយករដ្ឋមន្ត្រី ប៉ុន្តែនាយករដ្ឋមន្ត្រីត្រូវតែគោរពទៅតាមលក្ខខណ្ឌ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នាយករដ្ឋមន្ត្រីគ្មានសិទ្ធិ ចាត់តាំងបោះឆ្នោតមុនការកំណត់ ហើយនាយករដ្ឋមន្ត្រីក៏គ្មានសិទ្ធិ នឹងចាត់តាំងការបោះឆ្នោត ក្រោយការកំណត់នៃរដ្ឋធម្មនុញ្ញដែរ សូមបញ្ជាក់ជូនប៉ុណ្ណឹង

សូមរំឭកថា កាលពីព្រឹកថ្ងៃទី១៨ មករានេះ កាសែតភ្នំពេញប៉ុស្តិ៍ បានចុះផ្សាយថា នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ការបោះឆ្នោតទំនងជាមិនអាចធ្វើទៅបានទេ បើប្រទេសស្ថិតក្នុងស្ថានភាព ច្របូកច្របល់ ប៉ុន្តែលោកបានព្រមានថា មិនឲ្យមានពួកឧទ្ទាម មិនថានៅក្នុងព្រៃ ឬក្នុងទីក្រុងមក បំផ្លិចបំផ្លាញ នូវអ្វីដែលលោកថា ជាសមិទ្ធផលរកបានដោយលំបាកទេ ខណៈលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង បានជំរុញឲ្យលោក ហ៊ុន សែន ពន្យារការបោះឆ្នោតជាតិ ជាមួយនឹងការត្រៀមប្រកាសចលនាសង្គ្រោះជាតិនាចុងខែនេះ និងព្រមានអំពាវនាវឲ្យមហាជន កម្មករ ធ្វើមហាបាតុកម្ម តែថាចលនាលោក គឺមិនមែនអង្គការអំពើហិង្សាទេ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor