
ភ្នំពេញៈ ជនសង្ស័យប្រុសស្រី៤នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍កន្ទោក នៃអធិការខណ្ឌនគរបាលពោធិ៍សែនជ័យ ធ្វើការបង្ក្រាបនិងឃាត់ខ្លូន ឆែកឆេររកឃើញថ្នាំញៀនចំនួន១កញ្ចប់ធំ និង១៦កញ្ចប់តូច កាលពីវេលាម៉ោង១២៖៤០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចហាងម៉ាស្សាមួយកន្លែង ក្នុងបុរីពិភពថ្មីកំបូល ស្ថិតក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ជនសង្ស័យ គឺកម្លាំងនគរបាលប៉ុស្តិ៍ បានល្បាតក្នុងបុរីពិភពថ្មីកំបូល ស្ថិតក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ក៏ឃើញមនុស្សប្រុស២នាក់ ជិះម៉ូតូចូលក្នុងផ្ទះម៉ាស្សាកោសជប់ រស្មី ពេលនោះកម្លាំងមានការសង្ស័យទើបចូលទៅសុំម្ចាស់ហាងធ្វើការត្រួតពិនិត្យឆែកឆេរនៅបន្ទប់ម៉ាស្សាជាន់ទី១ ពេលនោះឃើញមនុស្សប្រុសម្នាក់ និងស្រីម្នាក់ បន្ទាប់មកកម្លាំងបានធ្វើការឆែកឆេរ ក៏ប្រទះឃើញ ឌុយអំពូកភ្លើងនៅក្នុងបន្ទប់ទឹក ក៏បើកមើលក្នុងអំពូកភ្លើងនោះ ឃើញក្រាមពណ៌សថ្លាចំនួន១កញ្ចប់ធំ និង១៦កញ្ចប់តូច។ ក្រោយមកសមត្ថកិច្ច ក៏បានឃាត់ខ្លួនទាំង៤នាក់ រួមនិងវត្ថុតាងមកសួរនាំនៅប៉ុស្តិ៍តែម្តង។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង៤នាក់ ទី១.ឈ្មោះ ស ផល្លី ភេទប្រុស មុខរបរ លាងម៉ូតូ ស្នាក់នៅភូមិត្រពាំងគល់ ស្ថិតសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។(ម្ចាស់ថ្នាំ) ទី២.ឈ្មោះ ខាន់ សុខរិន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ នារីម៉ាស្សា ស្នាក់នៅផ្ទះជួលភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ទី៣.ឈ្មោះ ង៉ែត ពន្លឺ ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរ ជាងកាត់សក់ ស្នាក់នៅផ្ទះជួល ភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ទី៤.ឈ្មោះ ហេង ពន្លឺ អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវកម្លាំងប៉ុស្តិ៍កសាងសំណុំរឿងបញ្ចូនជនសង្ស័យមកកាន់ផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការខណ្ឌ ដើម្បីអនុវត្តបន្ត តាមនីតិវិធីច្បាប់៕




