
តាកែវៈ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ នៅចំណុចភូមិស្រែពោធិ៍ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨។
របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានឲ្យដឹងថា នៅវេលាម៉ោង១១និង៥០នាទី យប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចូលទៅផ្ទះរបស់ជនរងគ្រោះ ហើយចាប់ច្របាច់កឲ្យសន្លប់ រួចរំលោភរហូតបានសម្រេច ខណៈពេលស្ត្រីរងគ្រោះកំពុងដេកនៅក្នុងផ្ទះរបស់ខ្លួន។ ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យខាងលើ បានរត់គេចខ្លួន។ លុះដល់ស្ត្រីរងគ្រោះដឹងខ្លួនឡើង ក៏បានរាយការណ៍មកសមត្ថកិច្ច នឹងឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ បាននៅចំណុចផ្ទះរបស់ជនសង្ស័យតែម្តង។
បើតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ សុង ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ហើយស្ត្រីរងគ្រោះឈ្មោះ ន.ស.ភ អាយុ៣១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ជាស្ត្រីមេម៉ាយ។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕


