Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយទៀតហើយ បង្កឡើងដោយរថយន្តប្រភេទបែនដឹកថ្ម មួយគ្រឿងគ្មានស្លាកលេខ ជាន់គ្មានប្រណី បែកកង់មុខចំហៀងខាងឆ្វេង ជ្រុលបុករះស្លាកប៉ាន់ណូស្រាបៀរ ហ្គេនស្បឺគ ប៉ើងប្រហែល១០០ម៉ែត្រ រេចង្កូតមកបុករថយន្តដឹកដីចតស្ងៀម រុញអូសប្រហែល១០ម៉ែត្រ រួចបន្តមកបុករះម៉ូតូ៥គ្រឿង ដែលកំពុងចតស្ងៀមចាំទិញគុយទាវ បណ្តាលឲ្យ២នាក់មីងក្មួយ ស្លាប់យ៉ាងរន្ធត់ រួមនិងក្មេងអាយុ៣ឆ្នាំម្នាក់ទៀត របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគុន្ធបុប្ផា ។ ចំណែករថយន្តបង្កវិញ ផ្លោងទៅបុកនឹងដើមមៀន ក្រឡាប់ផ្ងារជើង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦៩ ក្នុងភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តបង្កមានឈ្មោះ ឈុំ ណែម ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ ឆែម រតនៈ ភេទស្រី អាយុ២៩ឆ្នាំ (ជាមីង ស្លាប់)។ ទី២. ឈ្មោះ ពិជ្រ វ៉ាន់ លីដា ភេទស្រី អាយុ៣ឆ្នាំ (ជាក្មួយ ស្លាប់)។ និងទី៣. ឈ្មោះ តុល ចាន់រ៉ូដា ភេទប្រុស អាយុ៣ឆ្នាំ រងរបួស។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តបែកដឹកដី ពណ៌ស បានបើកមកចតស្ងៀមនៅចិញ្ចើមផ្លូវ ដើម្បីចូលហូបគុយទាវ ។ ចំណែកជនរងគ្រោះទាំង៣នាក់ រួមមាន មីង ក្មួយ និងក្មេងអាយុ៣ឆ្នាំ ជាអ្នករស់នៅក្នុងភូមិខាងលើ ក្បែរនឹងកន្លែងកើតហេតុ បានជិះម៉ូតូមកទិញគុយទាវ នៅហាងកើតហេតុខាងលើ ដោយបានអង្គុយចាំលើម៉ូតូ ដើម្បីទិញខ្ចប់យកទៅផ្ទះ ខណៈនោះស្រាប់តែរថយន្តបង្កប្រភេទបែន ម៉ាកនីសាន់ ពណ៌ឈាមជ្រូក ដឹកថ្ម គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ ដឹកថ្មចេញពីភ្នំស្អាង ស្រុកស្អាង ខេត្តកណ្តាល បើកតាមបណ្តោយផ្លូវ៣៦៩ យកថ្មទៅឲ្យគេ នៅភូមិព្រែកឃ្លោក ឃុំត្រោយស្វា ស្រុកស្អាង ខេត្តកណ្តាល ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿន លុះដល់ចំណុចមុខហាងគុយទាវខាងលើ ស្រាប់តែរថយន្តបង្ក បានបែកកង់ខាងមុខចំហៀងខាងឆ្វេង រេចង្កូតបុកស្លាកប៉ាន់ណូ ស្រាបៀរហ្គេនស្បឺគ ប៉ើងជាប់រថយន្តប្រហែល១០០ម៉ែត្រ រួចរថយន្តបង្ក បានរេចង្កូតមកបុកនឹងរថយន្តបែនដឹកដី ពណ៌ស ដែលកំពុងចតស្ងៀមពេញទំហឹង រុញអូសប្រហែល១០ម៉ែត្រមកខាងក្រោយ បន្តមកបុករះនឹងម៉ូតូ៥គ្រឿង ដែលចតនៅខាងមុខហាង ទាំងកំរោល បណ្តាលឲ្យជនរងគ្រោះទាំង៣នាក់ ដែលអង្គុយចាំគុយទាវ នៅលើម៉ូតូ ស្លាប់ម្តាយមីង និងក្មួយ យ៉ាងរន្ធត់បំផុត ចំណែកក្មេងអាយុ៣ឆ្នាំវិញ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគុន្ធបុប្ផា ។

​ដោយឡែក រថយន្តបង្កមិនទាន់អស់ល្បឿន បានបន្តផ្លោងមកបុករះនឹងដើមមៀន នៅខាងមុខផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យបាក់ និងក្រឡាប់រថយន្តផ្ងារជើងតែម្តង។ ចំណែកតៃកុងរថយន្តបង្ក ភ្លាមៗបានព្យាយាមរត់គេចដែរ តែត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញចាប់ខ្លួនបានមកវិញ បញ្ជូនទៅកាន់ប៉ុស្តិ៍ព្រែកថ្មី ដើម្បីសាកសួរបន្ត។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ដឹកនាំលោក ឯក សារ៉ន អធិការរងខណ្ឌច្បារអំពៅ ទទួលបន្ទុកផ្នែកចរាចរណ៍ និងសណ្តាប់ធ្នាប់ សហការជាមួយនិងនគរបាលជំនាញចរាចរណ៍ក្រុង បានចុះមកធ្វើការពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុ ដោយបាននាំយករថយន្តបង្កខាងលើ រួមនិងរថយន្ត និងម៉ូតូ៦គ្រឿងទៀត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor