
កណ្តាលៈ បុរសជនជាតិអាមេរិកម្នាក់ បានជិះម៉ូតូចូលកន្លែងផ្ញើ នៅពេលម្ចាស់កន្លែងផ្ញើម៉ូតូបានទាមទារកិបក្រដាស បែរជនជាតិអាមេរិកម្នាក់ថា មិនបាច់កិបទេ សុំតែជិះឆ្លងកាត់ប៉ុណ្ណោះ នៅពេលជជែកគ្នាចុះឡើងក៏កើតជាទំនាស់វាយគ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៤៖៣០នាទី ចំណុចផ្សារដឺលុច្យ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
វរសេនីយ៍ឯក ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ ឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ខណៈជនរងគ្រោះកំពុងឈរកិបកង់ម៉ូតូគេ ក៏ស្រាប់តែជនល្មើសបានជិះម៉ូតូចូលកន្លែងផ្ញើម៉ូតូដោយមិនបានផ្ញើម៉ូតូឡើយ។ នៅពេលនោះ ជនរងគ្រោះបានទាមទារកិបក្រដាស តែជនល្មើសថា មិនបាច់កិបទេ សុំតែជិះឆ្លងកាត់ប៉ុណ្ណោះ។ នៅពេលជជែកគ្នាចុះឡើង ក៏កើតជាទំនាស់ឡើង ហើយជនរងគ្រោះក៏បានស្ទុះមកក្រញ៉ៅជនល្មើសចំដៃខាងឆ្វេង បណ្តាលឲ្យមានរបួសស្នាម ទើបជនល្មើសខឹងក៏បានទះជនរងគ្រោះបីបួនដៃ បណ្តាលឲ្យដួលអុកគូទនៅលើដី ទើបត្រូវសមត្ថកិច្ចចុះមកនាំខ្លួនតែម្ដ។
លោកអធិការបន្តថា ជនរងគ្រោះម្នាក់ ឈ្មោះ ហួ ឆៃរ៉ុង ភេទស្រី អាយុ២៥ឆ្នាំ ទីលំនៅភូមិ-សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មុខរបរផ្ញើកង់-ម៉ូតូ។ ជនល្មើសមានម្នាក់ ឈ្មោះ ប៉ៅ ចាន់ ហៅ តារា ជនជាតិខ្មែរ ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ មុខរបរនៅផ្ទះ ជាអណិកជនខ្មែរ មកពីអាមេរិច ត្រូវបានឃាត់ខ្លួន)។ វត្ថុតាងចាប់យក ម៉ូតូ១គ្រឿងម៉ាក Honda wave RSX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DC-7414។
ក្រោយពេលកើតហេតុ ទាំងជនងគ្រោះ និងជនសង្ស័យ ត្រូវបាននាំយកទៅសាកសួរនៅប៉ុស្ដិ៍មូលដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


