
លី ច័ន្ទវត្តី ព្រលះអ្នករិះគន់រឿងប្រជាពលរដ្ឋខ្មែរសែនចូលឆ្នាំចិន
ថ្ងៃនេះជាថ្ងៃសែនចិន ហើយពលរដ្ឋខ្មែរភាគច្រើនក៏សែនដែរ
លី ច័ន្ទវត្តី សកម្មជនអតីតបក្សប្រឆាំងបានប្រតិកម្មនឹងអ្នករិះគន់ដល់អ្នកសែនថា៖ ពិតជាឆ្ងល់អ្នករិះគន់នឹងគេសែនខ្លាំងណាស់
គ្មានច្បាប់ឯណាហាមមិនឱ្យសែនព្រេននោះទេ។ ចុះតើហេតុអ្វីត្រូវទើសរឿងនេះទៅវិញ?
កញ្ញាពន្យល់ថា៖ ការសែនព្រេន គឺមានតាំងពីដូនតាជំនាន់ដើមមក ការសែនព្រេន គឺជាជំនឿមួយបែបដែលមនុស្សជឿទៅលើផ្នែកអរូបិយ មនុស្សមានជំនឿថាស្លាប់ទៅជាខ្មោចហើយគឺមិនសាបសូន្យឡើយ គឺក្លាយទៅជាព្រលឹង ដួងវិញ្ញាណ ដែលអាចឱ្យកូនចៅធ្វើបុណ្យឬឧទ្ទិសកុសលជូនរហូត។ ម្យ៉ាងវិញទៀត ការសែនព្រេន មានច្រើនសណ្ឋាន ខ្លះសែនសម្រាប់ដូនតា កុងម៉ា ខ្លះសែនសម្រាប់អារក្ខអារក្ស អ្នកតា ខ្លះសែនសម្រាប់ខ្មោចព្រាយបីសាច ។ ល។
ឧទាហរណ៍៖ សាសនា គេមិនបានហាមមិនឱ្យប្រជាជនមានជំនឿឬកាន់សាសនាមួយនេះ មួយនោះឡើយ គ្រាន់តែគេកំណត់ថា សាសនាមួយណាជាសាសនារបស់រដ្ឋប៉ុណ្ណោះ អ្នកណាចង់ជឿព្រះយ៉េស៊ូ ក៏ជឿចុះ នរណាចង់ជឿព្រះពុទ្ធក៏ជឿចុះ។
ច័ន្ទវត្តីបន្ថែមថា៖ តួយ៉ាងការសែនក្នុងថ្ងៃចូលឆ្នាំចិននេះ ខ្លះជាប់ខ្សែចិន គឺគេសែនឱ្យដូនតាគេ ប៉ុន្តែអ្នកមិនជាប់ខ្សែចិនខ្លះក៏គេសែនដែរ ព្រោះគេមានជំនឿពេលសែនគេរកសុីមានបាន គេមានក្តីសុខ តើខុសឬទេដែលគេសែន? តើហេតុអ្វីចាំបាច់រិះគន់ចំណុចនេះ? ខ្ញុំក៏ធ្លាប់ឃើញចិនសែនពេលចូលឆ្នាំខ្មែរដូចគ្នា អ្នកខ្លះបានប្រពន្ធខ្មែរ អ្នកខ្លះជឿលើអបិយជំនឿខ្មែរដូចគ្នា។ តើឱ្យយើងហាមឃាត់យ៉ាងណាទៅ? មិនមានន័យថាអ្នកមិនជាប់ខ្សែចិនគេសែនខុស ហើយគេមិនគិតពីជាតិឡើយ ពេលខ្លះគេលះបង់ឬគេធ្វើដើម្បីជាតិលើសអ្នកដែលបានតែនិយាយ បានតែរិះគន់រាប់រយដងឯណោះ។
ចុងក្រោយកញ្ញាគ្រាន់តែសុំឱ្យអ្នករិះគន់ សូមគិតផង កុំទាំងងងើល បើមិនចង់ឱ្យសែនទេ ដេញចិន យួនចេញឱ្យអស់ពីស្រុកខ្មែរ ហើយចេញច្បាប់ហាមជាប់ខ្សែចិន នរណាជាប់ដេញចេញពីប្រទេសឱ្យអស់ នោះខ្ញុំនឹងមិនមានប្រត្តិកម្មឡើយ។ ខ្ញុំក៏ជាចៅចិនដែរ គឺជាប់ខ្សែចិន ប៉ុន្តែខ្ញុំមិនរិះគន់អ្នកមិនជាប់ខ្សែចិន តែគេសែនដូចគ្នាដែរនោះទេ ហើយក៏មិនរិះគន់អ្នកខ្សែចិនតែសែនពេលចូលឆ្នាំខ្មែរនោះដែរ។ បញ្ជាក់ខ្ញុំមានឪពុកខ្សែចិន ម្តាយខ្មែរ ។


