header ads

Sponsor

រិទ្ធី

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ អង្គការតម្លាភាពកម្ពុជា បានចេញសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ២០១៧ បានបង្ហាញថា៖ នៅឆ្នាំ២០១៧ ប្រទេសកម្ពុជាទទួលបានពិន្ទុ២១ លើពិន្ទុអតិបរមា ១០០ ដែលបង្ហាញថាប្រទេសកម្ពុជានៅរក្សាពិន្ទុដដែលក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នា ហើយប្រទេសកម្ពុជាឈរនៅលេខរៀងទី១៦១ ក្នុងចំណាត់ថ្នាក់ជាសកលដែលមានប្រទេស និងដែនដីសរុបចំនួន ១៨០ ដែលត្រូវបានយកមកសិក្សានៅឆ្នាំនេះ។ ការប្រែប្រួលចំណាត់ថ្នាក់របស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧នេះ ក៏ព្រោះតែមានការបញ្ចូលបន្ថែមនូវប្រទេសចំនួន៤ផ្សេងទៀតទៅក្នុងការសិក្សា ដែលធ្វើឱ្យចំនួនប្រទេស និងដែនដីសរុបកើនឡើងពី ១៧៦ (ឆ្នាំ២០១៦) ទៅ ១៨០ប្រទេស (ឆ្នាំ២០១៧)។ ហេតុដូច្នេះ ការប្រែប្រួលចំណាត់ថ្នាក់មិនមែនមានន័យថា កម្រិតនៃអំពើពុករលួយក្នុងវិស័យសាធារណៈនៅប្រទេសកម្ពុជាមានលក្ខណៈធ្ងន់ធ្ងរជាងឆ្នាំកន្លងមកនោះទេ។

យោងតាមការចុះផ្សាយរបស់អង្គការតម្លាភាពកម្ពុជា៖ លទ្ធផលឆ្នាំ២០១៧ បង្ហាញថា បើទោះជារដ្ឋាភិបាលប្រឹងប្រែងធ្វើកិច្ចការងារមួយចំនួននាពេលថ្មីៗនេះដូចជា ការបោះជំហានគួរឱ្យកត់សម្គាល់ទៅលើការកែលម្អក្របខ័ណ្ឌគតិយុត្តិ និងបទប្បញ្ញត្តិមួយចំនួន ព្រមទាំងការធ្វើឱ្យកាន់តែប្រសើរឡើងនូវការចុះបញ្ជីសាជីវកម្ម និងការប្រមូលពន្ធជាដើមក៏ដោយក្ដី កិច្ចខិតខំប្រឹងប្រែងទាំងនោះនៅមិនទាន់គ្រប់គ្រាន់ដែលអាចធ្វើឱ្យមានការផ្លាស់ប្ដូរទស្សនៈនៃការយល់ឃើញរបស់អ្នកជំនាញ និងសហគមន៍អាជីវកម្មទៅលើស្ថានភាពនៃអំពើពុករលួយក្នុងវិស័យសាធារណៈនៅប្រទេសកម្ពុជានៅឡើយទេ។ ការវិភាគក៏បានកត់សម្គាល់ផងដែរថា កំណែទម្រង់ សំខាន់ៗជាច្រើនពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលត្រូវបានលើកឡើងដោយអ្នកជំនាញផ្នែកអភិបាលកិច្ច និងអ្នកជំនាញប្រយុទ្ធប្រឆាំងអំពើពុករលួយ មិនត្រូវបានយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលានៅឡើយ។ ការកាត់បន្ថយបញ្ហាអំពើពុករលួយក្នុងវិស័យយុត្តិធម៌ និងការលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌នៅតែជាបញ្ហាមួយដែលត្រូវការវិធានការឆ្លើយតបជាបន្ទាន់។ អង្គការតម្លាភាពកម្ពុជាស្នើឱ្យមានការធ្វើវិសោធនកម្មទៅលើខ្លឹមសារនៃមាត្រាមួយចំនួនក្នុងច្បាប់ស្ដីពី ការប្រយុទ្ធប្រឆាំងអំពើពុករលួយរួមមាន៖ ការចែងអំពីសារៈសំខាន់នៃការប្រកាសទ្រព្យសម្បត្តិជាសាធារណៈ ដោយរួមបញ្ចូលទាំងប្ដី ប្រពន្ធ និងសមាជិកគ្រួសារផ្ទាល់ផងដែរ។ អង្គការតម្លាភាពកម្ពុជាក៏សូមស្នើឱ្យបង្កើត និងពង្រឹងការអនុវត្តបទប្បញ្ញត្តិ ឬយន្តការពាក់ព័ន្ធនានាក្នុងការដោះស្រាយបញ្ហាបក្សពួកនិយម និងទំនាស់ផលប្រយោជន៍នៅក្នុងស្ថាប័នសាធារណៈផងដែរ។

ចំពោះប្រទេសកម្ពុជា ប្រភពទិន្នន័យសរុបចំនួន ៨ ត្រូវបានប្រើប្រាស់ដើម្បីគណនាពិន្ទុសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ មានដូចជា៖

១. សន្ទស្សន៍នៃបម្រែបម្រួលរបស់មូលនិធិ Bertelsmann ឆ្នាំ២០១៧-២០១៨

២. ចំណាត់ថ្នាក់ហានិភ័យប្រចាំប្រទេសរបស់ទីភ្នាក់ងារសេដ្ឋវិទូ ឆ្នាំ២០១៧

៣. ចំណាត់ថ្នាក់ហានិភ័យប្រចាំប្រទេសស្តីពីការយល់ដឹងជាសកល ឆ្នាំ២០១៦

៤. ទីភ្នាក់ងារប្រឹក្សាហានិភ័យនយោបាយ និងសេដ្ឋកិច្ចទ្វីបអាស៊ី ឆ្នាំ២០១៧

៥. ការវាយតម្លៃស្ថាប័ន និងគោលនយោបាយប្រចាំប្រទេសរបស់ធនាគារពិភពលោក ឆ្នាំ២០១៧

៦. ការស្ទង់មតិពីធុរៈជនរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (EOS) ឆ្នាំ២០១៧

៧. សន្ទស្សន៍ស្ដីពីនីតិរដ្ឋរបស់គម្រោងយុត្តិធម៌ពិភពលោក ឆ្នាំ២០១៧-២០១៨

៨. គម្រោងនៃភាពផ្សេងគ្នានៃប្រជាធិបតេយ្យ (V-Dem) ឆ្នាំ២០១៧។

នៅក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជាទទួលបានពិន្ទុទាបជាងគេបើប្រៀបធៀបនឹងប្រទេសដទៃទៀត ហើយជាប្រទេសទទួលបានពិន្ទុទាបបំផុតទី៣នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច។

លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាមានប្រសាសន៍ថា៖ រដ្ឋាភិបាលកម្ពុជាគួរអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាដើម្បីលើកកម្ពស់ការចូលរួមយ៉ាងសកម្មរបស់សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងអង្គការសហគមន៍ ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនទៅលើអត្ថិភាព មូលហេតុ ភាពធ្ងន់ធ្ងរ និងការគំរាមកំហែងនានាដែលបង្កឡើងដោយអំពើពុករលួយ ដូចមានចែងក្នុង មាត្រា ១៣ នៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ដែលប្រទេសកម្ពុជាបានផ្ដល់សច្ចាប័ន។

ជាថ្មីម្តងទៀត អង្គការតម្លាភាពកម្ពុជាសូមអំពាវនាវឱ្យរាជរដ្ឋាភិបាលបង្កើត និងបង្កើនការអនុវត្តសកម្មភាពកំណែទម្រង់ជាប្រព័ន្ធដែលជាចំណុចអាទិភាព។ ហើយសេចក្ដីព្រាងច្បាប់ស្ដីពី ការការពារបុគ្គលរាយការណ៍ សេចក្ដីព្រាងច្បាប់ស្ដីពី ការការពារសាក្សី អ្នកជំនាញ និងជនរងគ្រោះ និងសេចក្ដីព្រាងច្បាប់ស្ដីពី សិទ្ធិទទួលបានព័ត៌មាន គួរតែត្រូវបានអនុម័តឱ្យបានទាន់ពេលវេលា។ ការធានានូវឯករាជ្យភាពរបស់តុលាការ គឺជាគន្លឹះក្នុងការកសាងទំនុកចិត្តពីសាធារណជន និងការពង្រឹងជំនឿចិត្តពីវិនិយោគិន។ រដ្ឋាភិបាលក៏គួរតែធានានូវបរិយាកាសអំណោយផលសម្រាប់ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការកសាងនីតិរដ្ឋ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យផងដែរ។ អង្គការតម្លាភាពកម្ពុជាប្ដេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមជាមួយរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីរួមចំណែកក្នុងការអនុវត្តកំណែ-ទម្រង់សំខាន់ៗ និងដើម្បីលើកកម្ពស់តម្លាភាព សុចរិតភាព គណនេយ្យភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងតាមបែបប្រជាធិបតេយ្យនៅកម្ពុជា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post