
កោះកុងៈ មន្ត្រីគយ និងកាំកុងត្រូល ប្រចាំច្រកអន្តរជាតិចាំយាម ខេត្តកោះកុង បានអនុញ្ញាតឲ្យជនជាតិថៃ ជិះម៉ូតូកង់៣ ដឹកផលិតផលទឹកដោះគោជូមកលក់ដល់ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានយ៉ាងរំភើយ ដោយគ្មានត្រួតពិនិត្យ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បាននិយាយថា នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ បានប្រទះឃើញជនជាតិថៃ បើកម៉ូតូកង់៣ លក់ទឹកដោះគោជូនៅតាមឆ្នេរបាក់ខ្លង ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង បានដោយសេរី ហើយគ្មានការត្រួតពិនិត្យ។ ជនជាតិថៃនោះ លក់ទឹកដោះគោជូក្នុងមួយយួរតម្លៃ១០៥បាត បើគិតជាប្រាក់រៀលស្មើនឹង១៣,៥០០រៀល។

បើតាមការសាកសួរពីបុរសជាជនជាតិថៃរូបនេះ បានឲ្យដឹងថា រូបគាត់បើកម៉ូតូកង់៣ មកលក់ទឹកដោះជូជារៀងរាល់ថ្ងៃ ដោយអាចលក់បានចាប់ពី២០ទៅ៣០យួរ និងអាចលើសពីនេះ។ ជនជាតិថៃរូបនេះ បន្តថា ការចូលមកលក់ក្នុងទឹកដីខ្មែរ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុងនេះ ដោយគ្រាន់តែបង់ថ្លៃចេញ-ចូលឲ្យទៅមន្ត្រីច្រកអន្តរជាតិចាំយាម ទាំងភាគីខ្មែរ និងថៃ ត្រឹមតែ៣០០បាតប៉ុណ្ណោះ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ចំណុចច្រកទ្វារអន្តរជាតិចាំយាម គយ និងកាំកុងត្រូល បើកឲ្យមានការចរាចរនាំទំនិញគ្រប់ប្រភេទ ដោយមិនបានបង់ពន្ធ ដោយសារមន្ត្រីប្រចាំច្រកទ្វារឃុបឃិតគ្នាបើកឲ្យភ្លើងខៀវ។ ក្នុងនោះ ក៏មានការលើកឡើងថា ការបិទទ្វារច្រក មានការយឺតយ៉ាវ លើសម៉ោងកំណត់ជារៀងរាល់ថ្ងៃ ព្រមទាំងលួចបើកទ្វារព្រំដែនឲ្យរថយន្តដឹកទំនិញ ចេញចូលពេលយប់ជ្រៅៗផងដែរ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ ភ្នាក់ងារអង្គភាពសារព័ត៌មាន Cam Post ប្រចាំខេត្តកោះកុង នឹងធ្វើការតាមដានរឿងនេះបន្តទៀត៕
