
ភ្នំពេញៈ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នេះ បានចុះឆែកឆេរចំណីអាហារបន្លែរប្រមាណជាង៧០មុខ នៅផ្សារកណ្តាល ដោយបានរកឃើញនូវសារធាតុគីមីលើសកម្រិត នៅក្នុងស្ពៃចង្កឹះ ជីរណា និងស្ពៃចិន ដែលសារធាតុហាមឃាត់ទំាងនេះ អាចនឹងប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈកំពុងចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ នៅផ្សារកណ្ដាលនោះ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនេះ គឺធ្វើឡើងតាមការណែនាំពីប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ។

លោកបន្តថា ការចុះពិនិត្យទំនិញនៅផ្សារកណ្តាលនេះ ក្រុមការងាររបស់លោកបានយកទំនិញ ជិត៧០មុខ ពីក្រុមអាជីវករក្នុងផ្សារ ទៅពិនិត្យក្នុងឡានឡាប៉ូពិសោធន៍ស្វែងរកសារធាតុគីមីភ្លាមៗតែម្តង ។ បន្ទាប់ពីរកឃើញចំណីអាហារ ឬបន្លែរបស់អាជីវករមានដាក់នូវជាតិគីមីលើសកម្រិត ក្រុមការងារបានធ្វើការដកហូត និងធ្វើកិច្ចសន្យាជាមួយបងប្អូនអាជីវករផងដែរ។

នៅក្នុងប្រតិបត្តិការចុះឆែកឆេរនេះ លោក គង់ វុទ្ធី បានឲ្យដឹងថា ក្រុមការងាររបស់លោកបានពិនិត្យរកឃើញមានសារធាតុគីមី នៅក្នុងទំនិញចំនួន៣មុខ នៅក្នុងបន្លែដូចជា ស្ពៃចង្កឹះ, ស្ពៃចិន និងជីរណា ដែលសារធាតុទាំងនេះ នឹងធ្វើឲ្យមានផលប៉ះពាលយ៉ាងខ្លាំងដល់សុខភាពរបស់អ្នកបរិភោគ ។ តែយ៉ាងណាក្តីទំនិញដែលបានរកឃើញនោះ ត្រូវបានមន្រ្តីជំនាញរបស់លោកធ្វើការរឹបអូសយកទៅកម្ទេចចោល និងឲ្យអាជីវករចុះកិច្ចសន្យាឈប់លក់បន្តទៀតផងដែរ។

ជាមួយគ្នានោះដែរ លោក គង់ វុទ្ធី ក៏បានណែនាំដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលផ្ទុកសារធាតុពុល និងម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកម្ដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើមផងដែរ។
លោកក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយលក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ឈប់ការលាយបន្ថែមនូវសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕








