Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ មន្ត្រីកាំកុងត្រូល ប្រចាំច្រកអន្តរជាតិចាំយាមប្រចាំខេត្តកោះកុង បាន​រង​នូវ​ការ​ចោទថា បាន​ឃុបឃិត​ជាមួយឈ្មួញ​នាំចូល​ទំនិញ​ខូចគុណភាព​រាប់សិប​តោន​ពី​ប្រទេស​ថៃ យកមក​ចរាចរ​នៅក្នុង​ខេត្ត និង​នៅ​រាជធានី​ភ្នំពេញ រួមទាំង​បណ្តា​ខេត្ត​ជាប់​គ្នា​មួយចំនួនទៀត។

ប្រជាពលរដ្ឋក្នុងខេត្តកោះកុង សុទ្ធតែ​បាន​ចោទថា មន្ត្រី​កាំកុងត្រូល​ ប្រចាំច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុង បាន​ឃុបឃិត​យ៉ាង​ទុច្ចរិត​ឲ្យ​ឈ្មួញ​នាំចូល​សាច់​ខូចគុណភាព​ដល់​ទៅ​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ យកមក​លក់​នៅ​កម្ពុជា ដោយ​មិនបាន​គិតគូរ​ដល់​សុខភាព​អ្នក​ទទួល​ទាន​នោះឡើយ។

​ស្ថាប័ន​នគរបាលជាតិ ក៏បាន​ចោទប្រកាន់​មន្ត្រី​កាំកុងត្រូល​បែបនេះ នៅក្នុង​សេចក្ដីរាយការណ៍​ចុះផ្សាយ​លើ​វេ​ប​សាយ​អគ្គស្នងការ​នគរបាល​ជាតិ​កាលពីពេល​ថ្មីៗ​នេះ ដោយ​អះអាងថា បាន​ដកស្រង់​សម្ដី​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ជាច្រើន​។

​សេចក្ដីរាយការណ៍​នោះ បាន​ផ្សាយ​ថា យ៉ាងហោចណាស់​គ្រឿងក្នុង ស្លាប ជង្គង់​មាន់ និង​ប្រហិត​ខូចគុណភាព​ចន្លោះ​ពី១​តោន ទៅ ២​តោន ត្រូវបាន​សមត្ថកិច្ច​គ​យ​កាំកុងត្រូល អនុញ្ញាត​ឲ្យ​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​ខេត្តកោះកុង​យ៉ាង​គគ្រឹកគគ្រេង​ដដែល ដោយ​ថា ទោះបី​មុខទំនិញ​មួយ​នេះ ត្រូវបាន​រដ្ឋាភិបាល​ប​ញ្ជា​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​រឹតបន្តឹង​នៅតាម​ច្រកព្រំដែន​នានា​ទូទាំងប្រទេស​ក៏ដោយ​។

តាម​ចម្លើយ​ក្រុម​ឈ្មួញ​បញ្ជាក់ថា ពួកគេ​បាន​បង់លុយ​ឲ្យមន្ត្រី​កាំកុងត្រូល​ប្រចាំខេត្ត​ និង​ច្រក​ចាំ​យាម​រួចហើយ ហើយ​ថែមទាំង​ដាក់​ខែ​ទៀតផង។

​លោក ហ៊ុយ ភារ​ម្យ និងលោក ជា នី ប្រធានសាខាកាំកុងត្រូលប្រចាំច្រកចាំយាម  មិនអាច​សុំ​ការបំភ្លឺ ទាក់ទងករណីនេះ នៅឡើយ​ទេ ដោយសារតែ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​លើក។

ប៉ុន្តែ​ប្រជាពលរដ្ឋ​ បានលើកឡើងថា ករណីនេះ​កើតមាន​យូរហើយ ហើយ​មន្ត្រី​កាំកុងត្រូល​ម្នាក់ៗ ប្រមូល​លុយ​ដាក់ ហោប៉ៅ​ឆ្អែត​គ្រប់ៗគ្នា ជាមួយក្រុមឈ្មួញទាំងនោះ។

​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត សំខាន់​មន្ត្រី​កាំកុងត្រូល​ថ្នាក់លើ មេត្តា ពង្រឹង​ការងារ​កូនចៅ​នៅ​ខេត្តកោះកុង​ផង ព្រោះថា ក្រៅពី​ប្រព្រឹត្តិ​អំពើពុករលួយ​ហើយ​នោះ ពួកគេ​នៅមាន​កំហុស​មួយទៀត គឺ​ឃុបឃិត​បំផ្លាញ​សុខភាព ឬ​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ទទួលទាន​សាច់​ខូចគុណភាព​ទាំងនោះ៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor