
ភ្នំពេញៈ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ បានបន្ដប្រតិបត្តិការចាប់ជនជាតិវៀតណាម១៩នាក់ ដែលចូលមកធ្វើការ និងស្នាក់នៅកម្ពុជា ដោយគ្មានច្បាប់អនុញ្ញាតិ។
ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើនៅចំណុចសិប្បកម្មឈើ ផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន និងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋានបញ្ជាក់ថា ក្នុងចំណោមជនជាតិវៀតណាមទាំង១៩នាក់ ក្នុងនោះមានស្រី៣នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដនីតិវិធី៕





