Sponsor
រិទ្ធី

នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសអន្ដរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីការពង្រឹងការងារអធិការកិច្ច ហត្ថពលកម្មបរទេសនៅកម្ពុជា និងសេចក្ដីជូនដំណឹងពីកាតព្វកិច្ចធ្វើប័ណ្ណការងារ និងសៀវភៅការងារជនបរទេស។ នាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ និងលោក​ សេង សក្ដា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ដូចគ្នាថា៖ ក្រសួងទុករយៈពេល១ខែជូនពលករបរទេសដើម្បីមកចុះបញ្ជីការងារស្របតាមច្បាប់ ពោលគឺក្រោយចូលឆ្នាំ​ប្រពៃណីជាតិខ្មែរ ក្រុមអធិការកិច្ចចម្រុះនៃអន្ដរក្រសួង នឹងចុះពិនិត្យស្រាវជ្រាវលើករណីនេះ។

​​ថ្លែងប្រាប់អ្នកសារព័ត៌មាន នាយឧត្តមសេនីយ៍ សុខ ផល បានថ្លែងថា៖ យើងទុកពេល១ខែ យោងតាមស្មារតីប្រកាសអន្ដរក្រសួង រហូតទៅដល់ថ្ងៃក្រោយចូលឆ្នាំខ្មែរ យើងនឹងធ្វើការត្រួតពិនិត្យឡើងវិញ តើអវត្តមានដែលគាត់មិនបានបង់ទៅតាមសៀវភៅ និងប័ណ្ណការងារនេះ ហើយយើងនឹងធ្វើការត្រួតពិនិត្យជំហានមួយទៀត ហើយផុតសុពលភាពមួយខែដែលកំណត់ យើងនឹងធ្វើការផាកពិន័យ តែម្តង។

ចំណែកឯ លោក សេង សក្ដា ក៏បានថ្លែងដោយជំរុញឲ្យពលករបរទេសទាំងអស់សូមមកធ្វើប័ណ្ណ និងសៀវភៅការងារ​នៅក្នុងឆ្នាំ២០១៧ ឲ្យបានរួចរាល់ ហើយបើតាមច្បាប់អន្ដោប្រវេសន៍ និងច្បាប់ស្ដីពីការងារ ​ក្នុងឆ្នាំ២០១៨នេះ គឺតម្រូវឲ្យធ្វើការផាកពិន័យ ប៉ុន្ដែក្រសួងទាំង២មិនទាន់ធ្វើការផាកពិន័យនោះទេ គឺទុករយៈពេល១ខែ ដើម្បីឲ្យពលករទាំងអស់នោះមកបំពេញកាតព្វកិច្ច។

ក្រៅពីការផាកពិន័យជាប្រាក់ នាយឧត្តមសេនីយ៍ សុខ ផល បានគូសបញ្ជាក់ថា ប្រសិនបើពលករបរទេសទាំងអស់នេះ នៅតែបន្ដរឹងរុះមិនព្រមបង់ពិន័យ ​នឹងប្រឈមជាមួយទោសទណ្ឌខាងផ្លូវតុលាការផងដែរ ដោយដាក់ពន្ធនាគាររយៈពេល៣ខែ រួចបណ្ដេញចេញពីកម្ពុជាតែម្ដង ឬម្យ៉ាងទៀត មិនដាក់ពន្ធនាគារទេ តែបណ្ដេញចេញតែម្ដង ផ្អែកតាមច្បាប់អន្ដោប្រវេសន៍។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបង្ហាញថាក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស បានចុះត្រួតពិនិត្យសហគ្រាស គ្រឹះស្ថានចំនួន ៣ ៩៦៩ គោលដៅ មានពលករបរទេស សរុប ៣២ ៥១២នាក់ ដែលមាន៩៣សញ្ជាតិផ្សេងគ្នា ក្នុងនោះបានផាកពិន័យជនបរទេសប្រកបមុខរបរ និងបម្រើការងារគ្មានប័ណ្ណការងារ ចំនួន ១ ៣៨៩នាក់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor