
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឆ្នាំ២០១៨ គណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចបង្កើតក្រុមការងារបច្ចេសទេសសិក្សាស្រាវជ្រាវលើករណីដួលសណ្តប់សម្រាប់ជាសេនាធិការឱ្យការងារសិក្សាស្រាវជ្រាវ ផ្តល់យោបល់ ទប់ស្កាត់ករណីដួលសណ្តប់របស់កម្មករនិយោជិកនៅតាមសហគ្រាស គ្រឹះស្ថាន។
ក្រុមការងារបច្ចេសទេសនេះមានសមាសភាព៣២រូប ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ក្នុងនោះមានសហប្រធាន មួយរូបមកពីក្រសួងសុខាភិបាល និងមួយរូបទៀតមកពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ហើយភារកិច្ចរបស់ក្រុមការងារបច្ចេសទេសនេះរួមមាន៖
-ចុះត្រួតពិនិត្យស្ថានភាពរបស់គិលានដ្ឋាននៅតាមគ្រឹះស្ថានក្នុងការឆ្លើយតមទៅនឹងការបង្ការការដួលសន្លប់ឬគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ
-ចុះធ្វើការស្រាវជ្រាវរកមូលហេតុនៃការដួលសន្លប់ក្នុងអំឡុងពេលមានការដួលសន្លប់
-ធ្វើការសិក្សាស្រាវជ្រាវលើទិដ្ឋភាពទូទៅនៃការដួលសន្លប់ និងកក្តាដែលមានទំនាក់ទំនងនឹងការដួលសន្លប់
-រៀបចំរបាយការណ៍ស្តីពីលទ្ធផលនៃការត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវ
-រៀបចំអនុសាសន៍សម្រាប់ទប់ស្កាត់ការដួលសន្លប់និងបង្ការគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ
-សហការនិងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ អង្គការនិយោជក អង្គការកម្មករនិយោជិកដើម្បីលើកកម្ពស់ការយល់ដល់អំពីវិធានការការពារករណីដួលសន្លប់
-អនុវត្តភារកិច្ចផ្សេងៗដែលប្រធានក្រុមការងារសិក្សាស្រាវជ្រាវ ផ្តល់យោបល់ ទប់ស្កាត់ករណីដួលសន្លប់របស់កម្មករនិយោជិកនៅតាមសហគ្រាស គ្រឹះស្ថានប្រគល់ជូន។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ ក្រុមការងារទប់ស្ដាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ (ទ.ស.ប.ក) របស់ក្រសួងការងារ និងបណ្តុះបណ្តាលេវិជ្ជាជីវៈ បានឲ្យដឹងថានៅក្នុងឆ្នាំ២០១៧ កម្ពុជាមានកម្មករប្រមាណ ១ ៦០៣នាក់ បានដួលសន្លប់ ដែលក្នុងនោះភាគច្រើនបំផុត គឺជាស្ដ្រី។ របាយការណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ មានករណីកម្មករសន្លប់ចំនួន២២រោងចក្រ ស្មើនឹងចំនួន ១ ៦០៣នាក់ ក្នុងនោះ កម្មារិនី ចំនួន ១ ៥៩៩នាក់។



