
ភ្នំពេញៈ ព្រោះតែខ្វះការយោគយល់គ្នា រវាងអ្នកជិតខាង បង្កឲ្យមានទំនាស់ពាក្យសម្តីឈានដល់កើតអំពើហិង្សាវាយគ្នាទៅវិញទៅមក ធ្វើឲ្យរងរបួសតិចទូច ចុងក្រោយសមត្ថកិច្ចឃាត់ខ្លួនទាំងពីរនាក់ ។
អំពើហិង្សានេះ កើតឡើងថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៧៖៣០នាទីយប់ នៅចណុចផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចប្រាប់ថា ភាគីទី១-ឈ្មោះ ម៉ម ផលឫទ្ធិសក្ត័ ហៅភ័ក្តី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅផ្ទះលេខ២៣ ផ្លូវ១៨៤ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ភាគីទី២-ឈ្មោះ ទូច វិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ម្តាយខាងភាគីទី១.ឈ្មោះ ចន កាន អាយុ៤៥ឆ្នាំ បានជេរទៅលើភាគីទី២ ដោយសង្ស័យថា បានយកដុំថ្មគប់មកលើដំបូលផ្ទះរបស់គាត់ទើបក្លាយជាទំនាស់ជេរគ្នាទៅវិញទៅមក។ ភ្លាមនោះកូនប្រុសរបស់គាត់ ឈ្មោះ ម៉ម ផលឫទ្ធិសក្ត័ ហៅភ័ក្តី បានចេញពីក្នុងផ្ទះយកកាំបិត និងឈើគប់មកលើភាគីទី២ ពេលនោះភាគីទី២ ក៏ស្ទុះទៅចាប់យកឈើពីម្តាយភាគីទី១ បណ្តាលឲ្យម្តាយត្រូវរបួសក្បាលបន្តិចបន្តួច ហើយក្រោយមកត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។
បច្ចុប្បន្នភាគីទំនាស់ទាំងពី កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកានៅពេលក្រោយ៕

