Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជា សូមថ្កោលទោសដាច់ខាត ចំពោះក្រុមឧទ្ទាមនៅប្រទេសម៉ាលី ដែលបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជា។

នៅក្នុងឱកាសបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ១១ ពីអ្នកលឿងខេត្តព្រៃវែង ទៅកាន់ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ សម្ដេច ហ៊ុន សែន បានអះអាងថា កាលពីល្ងាចថ្ងៃទី២២ មីនា នៅម៉ោងប្រមាណ១៖៥៥នាទីល្ងាច (ម៉ោងនៅកម្ពុជា) មានអំពើវាយប្រហារដ៏ឃោរឃៅមួយមកលើបន្ទាយកងទ័ពកម្ពុជា ដែលកំពុងឈរជើងរក្សាសន្តិភាពនៅប្រទេសម៉ាលី។

សម្ដេចបន្ដថា ប៉ុន្តែគ្មានអ្នកស្លាប់ និងអ្នករបួសទេ នៅក្នុងពេលក្រុមឧទ្ទាម បើកការវាយប្រហារនោះ។ សម្ដេចសូមអំពាវនាវដល់នាយទាហាន និងពលទាហានទាំងអស់ ត្រូវពង្រឹងស្មារតីឲ្យបានរឹងមាំ ក្នុងឋានៈជាពលរដ្ឋកម្ពុជា។

សម្ដេច ហ៊ុន សែន បានថ្លែងថា “កម្ពុជា សូមថ្កោលទោសដាច់ខាត ចំពោះក្រុមឧទ្ទាមនៅប្រទេសម៉ាលី ដែលបានបង្កការវាយប្រហារមកលើកងទ័ពកម្ពុជាយើង។ ខ្ញុំក៏សូមអរគុណរដ្ឋាភិបាលបារាំង ដែលបានសហការជាមួយកម្ពុជា ក្នុងបេសកកម្មអង្គការសហប្រជាជាតិ។ កម្ពុជា នឹងបង្កើនកម្លាំងបន្ថែមទៀត ដើម្បីចូលរួមចំណែកថែរក្សាការពាសិន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN)”

គួរជម្រាបថា នៅវេលាម៉ោង៦៖៥៥នាទីព្រឹក ម៉ោងនៅម៉ាលី ដែលត្រូវនឹងម៉ោង១៖៥៥នាទីរសៀល ម៉ោងនៅកម្ពុជា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ មានករណីបំផ្លោងគ្រាប់ចំនួន៣គ្រាប់ ត្រូវចំស្នាក់ការរបស់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ចំនួន២ខ្នង នៅតំបន់ Kidal ប្រទេសម៉ាលី បណ្តាលឲ្យមានការខូចខាតទ្រព្យសម្បត្តិមួយចំនួន។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់កាលពីថ្ងៃម្សិលមិញ។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បន្តថា តាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា ករណីនេះ មិនបានបង្កឲ្យកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ១៨៩ របស់កម្ពុជា ដែលបំពេញការងារនៅតំបន់នេះ រងរបួសនោះទេ។

“ហើយរហូតដល់ពេលនេះ ស្ថានការណ៍នៅកន្លែងកើតហេតុ មានភាពប្រក្រតីឡើងវិញហើយ។ ជាមួយគ្នានេះ កម្លាំងយើងកំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណ នៃការវាយប្រហារខាងលើផងដែរ”។ លោក ឈុំ សុជាតិ បញ្ជាក់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor