
ភ្នំពេញៈ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១១ ពីអ្នកលឿងទៅកាន់ខេត្តត្បូងឃ្មុំ ប្រវែងជាង ៩៦គីឡូម៉ែត្រ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ដែលជាជំនួយរបស់ប្រទេសចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តលើកសរសើរចិននៅមុខអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងបានឆ្លើយតបទៅបណ្តាប្រទេសមហាអំណាចមួយចំនួនដែលតែងរិះគន់ ប្រដៅ និងស្តីបន្ទោសកម្ពុជា ប៉ុន្តែមិនបានជួយអភិវឌ្ឍន៍ ហើយថាប្រសិនបើអត់មានប្រទេសចិន តើប្រទេសណាជួយកម្ពុជាពិតប្រាកដ ?
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ជំនួយនិងហិរញ្ញប្បទានរបស់ចិន ក៏បានផ្ដល់មក កម្ពុជាក្នុងចំនួនច្រើន ។ ការជួយរបស់ចិន មិនមែនតែអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែក៏បានជួយពង្រឹងឯករាជ្យភាពខាងនយោបាយកម្ពុជាផងដែរ ។ បញ្ហាទាំងនេះ មានសារៈសំខាន់សម្រាប់កម្ពុជា ខណៈគណបក្សប្រជាជនកម្ពុជា របស់សម្ដេចមានទំនាក់ទំនងល្អ ជាមួយប្រទេសចិន ។
សម្ដេច អះអាងថា កម្ពុជានឹងធ្វើទំនាក់ទំនងជាមួយបណ្ដាប្រទេសទាំងអស់ នៅលើពិភពលោក ទោះបីរបបនយោបាយខុសគ្នាយ៉ាងណាក៏ដោយ ក៏ប៉ុន្ដែប្រជាជនកម្ពុជា ត្រូវដឹងថា នៅពេលកម្ពុជាជួបការលំបាកអ្នកណាជួយអ្នកណា? នេះជាបញ្ហាមួយដែលកម្ពុជា ត្រូវគិតគូក្នុងក្របខ័ណ្ឌគោលនយោបាយ ។
សម្ដេច បន្ថែមថា ប្រសិនបើកម្ពុជាគ្មានទំនាក់ទំនងល្អជាមួយចិនទេ? តើគម្រោងអភិវឌ្ឍន៍កម្ពុជា អាចសម្រេចបានឬទេ? ផ្លូវ២៣ខ្សែ ដែលបានសាងសង់រួច ដាក់ឲ្យប្រើប្រាស់មានប្រវែង ២៣០១គីឡូវម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ១.៣លានដុល្លារ ។ ផ្លូវកំពុងសាងសង់ មាន៦ខ្សែប្រវែង៦០០គីឡូវម៉ែត្រ ប្រើប្រាស់ថវិកា ៩០លានដុល្លារ និងមានផ្លូវជាបន្ដបន្ទាប់ទៀត សុទ្ធតែជាជំនួយរបស់ប្រទេសចិន ។
សម្ដេចថ្លែងថា “ចំណុចទាំងអស់នេះ បើសិនជាមិនមែនមានចិនទេ សួរថា តើអ្នកណាជួយយើងពិតប្រាកដ ? ពីព្រោះអ្នកដទៃបានត្រឹមតែស្រែក បានត្រឹមប្រដៅ ប៉ុន្ដែគេមិនឲ្យយើងអ្វីទាំងអស់” ។
សម្រាប់ឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា និងប្រធានាធិបតីចិន បានដាក់ចេញផែនការជំរុញទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឲ្យបាន៦ពាន់លានដុល្លារ ក្រោយប្រទេសទាំងពីរ បានសម្រេចលើសផែនការក្នុងឆ្នាំ២០១៧ ។ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន នៅឆ្នាំ២០១៧ បានសម្រេចលើសផែនការ រហូតដល់ទៅជាង៥ពាន់លានដុល្លារ ដោយតាមផែនការមានត្រឹម៥ពាន់លានដុល្លារ៕
