header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នករត់តាក់ស៊ីម្នាក់ រួមជាមួយរថយន្ដទំនើប១គ្រឿង ត្រូវកម្លាំងនគរបាលខណ្ឌជ្រោយចង្វានាំខ្លួនទៅសាកសួរជាច្រើនម៉ោង និងអាចឈានដល់ការឃាត់ខ្លួនផងដែរ ក្រោយពីស្ត្រីវ័យក្មេងម្នាក់ ប្ដឹងចោទប្រកាន់ ថាបានល្បួងនាងឡើងផ្ទះសំណាក់ ដើម្បីប៉ុនប៉ងធ្វើសកម្មភាពរំលោភសេពសន្ទវៈទាំងថ្ងៃ។

ករណីនារីវ័យក្មេង ប្ដឹងបុរសអ្នករត់តាក់ស៊ី ថាបានល្បួងនាងចូលផ្ទះសំណាក់ ដើម្បីប៉ុនប៉ងធ្វើសកម្មភាពរំលោភសេពសន្ទវៈទាំងថ្ងៃ ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ និង៤៤នាទីរសៀល ថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះសំណាក់យីហោ «អាហ្វា» ស្ថិតក្នុងក្រុម៤ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

បើតាមមន្ត្រីនគរបាលខណ្ឌជ្រោយចង្វា បានបង្ហើបឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ហម សុខវី អាយុ២៤ឆ្នាំ មុខរបរបើកបរតាក់ស៊ី មានអាស័យដ្ឋាននៅផ្លូវលេខ២៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ជនសង្ស័យជិះរថយន្ដ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ ពាក់ស្លាកលេខ AT172-0507។ ចំណែកឯនារីរងគ្រោះឈ្មោះ អ.ក.ម.ត កើតឆ្នាំ២០០០ មុខរបរបុគ្គលិកក្រុមហ៊ុន «ប៊ីហ៊ីប» លក់អាហារបំប៉ន មានអសយដ្ឋាននៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅស្រុកមុខកំពូល ខេត្តកណ្តាល។

បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរផ្ទះសំណាក់យីហោ «អាហ្វា» បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញពួកគេទាំង២នាក់ «ស្ត្រីវ័យក្មេង និងបុរសអ្នករត់តាក់ស៊ី» មានការឈ្លោះប្រកែក និងប្រទាញប្រទុងគ្នានៅបរិវេណផ្ទះសំណាក់ «ពោលគឺនាងមិនព្រមចូលផ្ទះសំណាក់តាមសំណើររបស់បុរសអ្នករត់តាក់ស៊ីឡើយ» និងសម្រេចរត់ចេញមកផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលប្ដឹងទៅសមត្ថកិច្ចមកអន្តរាគមន៍តែម្ដង «សង្ស័យបុរសអ្នករត់តាក់ស៊ីបង្ខំលួងលោមស្ត្រីវ័យក្មេងមិនបានសម្រច»។

មន្ត្រីនគរបាលខណ្ឌជ្រោយចង្វាបានបង្ហើបឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា បុរសជាអ្នករត់តាក់ស៊ីមានចេតនាប៉ុនប៉ងធ្វើសកម្មភាពល្បួងនាង «ស្ត្រីរងគ្រោះ» ឲ្យចូលផ្ទះសំណាក់ ដើម្បីចង់បានខ្លួន «ពោលគឺរំលោភសេពសន្ទវៈ» ពីព្រោះនៅមុនពេលកើតហេតុ បុរសជាជនសង្ស័យអ្នករត់តាក់ស៊ី បានធ្វើសកម្មភាពលួងលោមនាង «ស្ត្រីរងគ្រោះ» ឲ្យឡើងជិះរថយន្ត ហើយក៏ដឹកនាំយកមកផ្ទះសំណាក់យីហោ «អាហ្វា» ខាងលើ ក្នុងបំណងមករួមភេទ តែត្រូវនាង «ស្ត្រីរងគ្រោះបដិសេធ» និងស្រែកឆោឡោឲ្យគេជួយ ទើបមានកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចប៉ុស្ដិ៍ព្រែកលៀប ហើយឈានដល់ការឃាត់ខ្លួនអ្នករត់តាក់ស៊ី ដើម្បីនាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post