
ភ្នំពេញៈ ទោះបីជាថ្លែងមិនចំឈ្មោះទៅលើបុគ្គលមួយណាក៏ដោយ ប៉ុន្តែគ្មានអ្នកណាក្រៅពី លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិទេ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាសំដៅនោះថា សម្តេចឡើងធ្វើជានាយករដ្ឋមន្រ្តីតាមរយៈរដ្ឋធម្មនុញ្ញ ហើយចុះមកវិញក៏តាមរដ្ឋធម្មនុញ្ញដែរ អត់មានចុះចេញពីតំណែងតាមផ្លូវកាត់នោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងជំនួបសំណេះសំណាល ជាមួយកម្មករចំនួន ១៣,៩៧១នាក់ នៅខេត្តកណ្តាល នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ថា “ថ្ងៃមុនសូមចរចា ដល់ប្រាប់ថា មិនចរចាទេ យប់ឡើងសម្ភាសន៍ ថាចរចាដើម្បីឲ្យលោក ហ៊ុន សែន ចុះដោយសន្តិវិធី ធ្វើអ្វីអញមិនកើត មកឲ្យអញចុះដោយសន្តិវិធី អញឡើងតាមរដ្ឋធម្មនុញ្ញអាពៅ ផ្តាំត្រឡប់ទៅវិញ កុំថាអញ ថាឯង ឡើងតាមរដ្ឋធម្មនុញ្ញចុះទៅវិញតាមរដ្ឋធម្មនុញ្ញអត់មានផ្លូវកាត់ទេ។ បើអ្នកឯងចង់លេងផ្លូវកាត់សុំអញ្ជើញមក ល្អមើលតើ អាហ្នឹង ប៉ុន្តែពួកអ្នកឯងអត់ហ៊ានទេ ហ៊ាននៅតែខាងក្រៅទេ អាខាងក្នុងងើបអត់រួចទេ”។
លោក សម រង្ស៊ី បានថ្លែងថា ការស្នើសុំចរចាជាមួយសម្តេចតេជោ ដើម្បីឲ្យសម្តេចចុះចេញពីតំណែងដោយសន្តិវិធី។ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ក្រោយពីបរាជ័យក្នុងការស្នើសុំជួបចរចាជាមួយសម្តេចតេជោហ៊ុន សែន លោក សម រង្ស៊ី បានថ្លែងថា “ចុះចេញពីតំណែងដោយស្ម័គ្រចិត្ត ពេលនេះភ្លាម បន្ទាប់ពីចរចាជាមួយចលនាសង្គ្រោះជាតិ និងសហគមន៍អន្តរជាតិ។ ចុះចេញពីតំណែងដោយបង្ខំចិត្ត ពេលបន្តិចទៀត បន្ទាប់ពីស្ថានការណ៍កាន់តែក្តៅឡើងៗ មិនអាចឲ្យគាត់ទ្រាំបាន ដោយសារតែកំហឹងប្រជាពលរដ្ឋខ្មែរ ដែលមានកងកម្លាំងប្រដាប់អាវុធមួយផ្នែកធំគាំទ្រផង គួបផ្សំនឹងសម្ពាធកាន់តែខ្លាំងឡើងៗ ពីអន្តរជាតិ” ។
ក្នុងឱកាសនោះដែរសម្តេចតេជោ ក៏បានផ្តាំទៅអ្នកប្រឆាំងផ្កាប់មុខថា សម្តេចពុំមានជំងឺអ្វីធ្ងន់ធ្ងរកើតឡើង ដូចអ្នកគាំទ្រអតីតគណបក្សប្រឆាំង លើកឡើងដែលបានបំភ្លៃបំផ្លើសខុសពីការពិត៕
