
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអះអាងថា បើនាយករដ្ឋមន្ដ្រី ប្រទេសណាដាក់ទង់ជាតិ តំណាងប្រទេសរបស់គេ សម្ដេចក៏នឹងដាក់ដូចគ្នា ពេលធ្វើដំណើរ នៅលើទឹកដីប្រទេសអូស្ដ្រាលី ក្នុងឱកាសចូលរួមកិច្ចប្រជុំអាស៊ាន នាពេលឆាប់ៗខាងមុខនេះ ទោះបីជាមានការប្រឆាំង វត្តមានរបស់សម្តេចពីសំណាក់ពលរដ្ឋខ្មែរនៅអូស្រ្តាលី ហើយរដ្ឋាភិបាលអូស្តា្រលីត្រូវទទួលខុស ត្រូវលើសុវត្ថិភាពសម្តេច។
ពលរដ្ឋខ្មែរប្រមាណ១០០នាក់ មកពីតាមតំបន់នានា រួមមាន៖ រដ្ឋធានីអូតាវ៉ា (Ottawa) ក្រុងម៉ុងរ៉េអាល់ (Montreal) និងខេត្តកេប៉ិច (Quebec) កាលពីថ្ងៃទី២៤ កុម្ភៈ បានមកជួបជុំគ្នា នៅវត្តចម្ការរតនារាម ក្នុងក្រុងឡាវ៉ាល់ (Laval) ស្ថិតនៅភាគខាងជើង ទីក្រុងម៉ុងរ៉េអាល់ បានរៀបចំពិធីដុតរូបទីងមោង សម្ដេចតេជោ ហ៊ុន សែន ដើម្បីប្រឆាំងវត្តមានសម្តេចតេជោ ក្នុងឱកាសសម្តេច អញ្ជើញចូលរួមកិច្ចប្រជុំ នៅពេលខាងមុខ។
ក្នុងពិធីកាត់ឫស្សសីមា សម្ពោធព្រះវិហារ និងសមិទ្ធផលផ្សេងៗនៅវត្ត “ជ័យមង្គល” ស្រុក ស្រីសន្ធរ ខេត្តកំពង់ចាម នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចនឹងអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន នៅអូស្ដ្រាលី ហើយរដ្ឋាភិបាលអូស្ដ្រាលី ត្រូវមានការទទួលខុសត្រូវចំពោះសម្ដេច មិនមែនឲ្យសម្ដេចជិះតាក់ស៊ីឡើយ ខណៈមានការតវ៉ាប្រឆាំងសម្តេច។
សម្ដេច បានថ្លែងថា “ជិះឡានដាក់ទង់ជាតិ បើប្រទេសណាជិះឡានដាក់ស្អី គឺដាក់ដូចគ្នា ក្នុងឋានៈជានាយករដ្ឋមន្ដ្រី នៃប្រទេសឯករាជ្យ អធិបតេយ្យមួយ ហើយក៏ជាសមាជិកអាស៊ាន។ អូស្រ្តាលីត្រូវមានការទទួលខុសត្រូវផងដែរ”។
សម្ដេចបន្ដថា ប្រសិនបើអាស៊ានមានតែ៩ប្រទេស គឺមិនហៅថា “អាស៊ានឡើយ” បើសិន អាស៊ាន កម្ពុជាប្រឆាំងជំទាស់ក្នុងការចេញសេចក្ដីថ្លែងការណ៍ណាមួយ ក៏មិនអាចទៅរួចដែរ។ សម្ដេចថា រដ្ឋាភិបាលអូស្ដ្រាលី អញ្ជើញសម្ដេច ទៅចូលរួមកិច្ចប្រជុំអាស៊ាន នៅអូស្ដ្រាលី និងឲ្យសម្ដេចគាំទ្រក្នុងការប្រជុំអាស៊ាន នៅអូស្ដ្រាលីផងដែរ។
សម្ដេចបញ្ជាក់ថា មនុស្សមួយចំនួន បែរជាលើកគំនិតថា “សូមកុំអញ្ជើញលោក ហ៊ុន សែន ទៅអូស្ដ្រាលី បើ ហ៊ុន សែន មិនទៅទេ គឺមានន័យថា អាស៊ាន វាអត់ទៅដែរ ”។

សម្ដេច បន្ថែមថា គួរណាអូស្ដ្រាលី ត្រូវអរគុណសម្ដេចទៅវិញបានល្អ ដោយសារ សម្ដេចគាំទ្រក្នុងការរំលឹកខួប កម្ពុជា-អូស្ដ្រាលី នៅអូស្ដ្រាលី។ សម្ដេចផ្ដាំផ្ញើទៅប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលមាននិន្នាកាទៅរកអតីត គណបក្សសង្គ្រោះជាតិ (CNRP) ត្រូវរៀនសូត្រ អំពីកិច្ចប្រជុំអាស៊ាន ឲ្យច្បាស់ជាមុនសិន។
សម្ដេចលើកឧទាហរណ៍ថា បើសម្ដេចមិនចូលរួមប្រជុំក៏គ្មានបញ្ហាដែរ ប៉ុន្ដែក្នុងនាម កម្ពុជាត្រូវតែចូលរួម ដើម្បីផ្ដល់កិត្តិយសឲ្យអូស្ដ្រាលី បានប្រជុំអាស៊ានម្ដង ប៉ុន្ដែពលរដ្ឋខ្មែរ មួយចំនួនរស់នៅអូស្ដ្រាលី អត់យល់អ្វីដែលហៅថា “អាស៊ាន” ។
ឆ្លៀតឱកាសនោះផងដែរ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្ដថា “គេខំដុតធ្វើយ៉ាងម៉េច មិនឲ្យខ្ញុំ ទៅអូស្ដ្រាលី ចាំទៅអាពៅអើយ វិធីនេះហើយថ្ងៃមុនញួសតិច ដុតរូបឯងពេញទឹកពេញដី ដុតទៅ ទំនាយខ្ញុំ និងដួងព្រលឹងខ្ញុំ នៅហ្នឹងនាគរាជ ដែលជាប់នៅវត្ត ចឹងទាល់អ្នកឯងដើរ វៃទាំងអស់នូវនាគរាជតាមវត្តទាំងអស់ អាហ្នឹងបានខ្ញុំអស់ជីវិត”។
សូមរំលឹកថា ទង់ជាតិ និងភ្លេងជាតិ ជាអត្តសញ្ញាណសម្គាល់ជាតិសាសន៍ជាផ្លូវការ ហើយជាសញ្ញាដែលត្រូវប្រើដោយមិនងាយនឹងធ្វើការផ្លាស់ប្តូរនោះឡើយ។ ទង់ជាតិត្រូវ បានគេសន្និដ្ឋានថា មនុស្សបានប្រើប្រាស់ជាច្រើនរយឆ្នាំមុនគ្រិស្ដសរាជ ដោយគេបាន រកឃើញដំបូងគេនៅប្រទេសក្រិក និងនៅចម្លាក់ផ្នូរបុរាណ របស់ប្រទេសអេហ្ស៊ីប ៕