
ខេត្តតាកែវ ÷ ក្រោយពីទទួលបានព័ត៌មានអំពីករណីសង្ស័យអំពើឃាតកម្ម នៅស្រុកត្រាំកក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងជំនាញការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាន ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីពិនិត្យស្រាវជ្រាវ ស៊ើបអង្កេតជាបន្ទាន់ ។
ករណីខាងលើកើតឡើងនៅ ថ្ងៃអាទិត្យ០៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនិងថ្ងៃ ទី០៤ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២៣,១០នាទី នៅចំណុចបន្ទប់ ស្ថិតនៅភូមិ អង្គតាសោម ឃុំ អង្គតាសោម ស្រុកត្រាំកក់ ។
ដែលផ្តើមចេញ ករណីហិង្សាក្នុងគ្រួសារ បង្ករឡើងដោយជនសង្ស័យឈ្មោះ នួន សុផល ភេទ ប្រុស អាយុ ៣១ឆ្នាំ ស្រុកកំណើត នៅភូមិ ព្រៃស្រោង ឃុំ អង្គតាសោម បានផឹកស្រាស្រវឹង ធ្វើសកម្មភាពវាយដោយដៃទៅលើ ជនរងគ្រោះជាប្រពន្ធ(តែពុំបានរៀបការ) ឈ្មោះ បួរ សួន ភេទ ស្រី អាយុ ៣២ឆ្នាំ ស្រុកកំណើត នៅខេត្តបន្ទាយ មានជ័យ បណ្តាលឱ្យស្លាប់ភ្លាមៗ ។

ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានយកសពរបស់ជនរងគ្រោះ(ប្រពន្ធ)ទៅ មណ្ឌល សុខភាពឃុំអង្គតាសោម ដោយបានកុហកថាប្រពន្ធឈឺ ប៉ុន្តែពេលដល់ គ្រូពេទ្យពិនិត្យឃេីញថាឈ្មោះ បួរ សួន បានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ។ បន្ទាប់ពីបានចុះពិនិត្យកោសល្យវិច្ច័យលើសាកសពបានឱ្យដឹងថា សាកសពមានស្នាមរបួសជាំខ្មៅពាសពេញផ្ទៃមុខ ប្រអប់ភ្នែកទាំងសង់ខាង រលាត់ចង្កា ជាំនិងពកក្បាលពីខាងក្រោយពីរ កន្លែង ជាំលេីដេីមទ្រូង ដេីមដៃ កែងដៃទាំង សង់ខាង រលាត់ស្បែកត្រគាក រលាត់ភ្នែកគោជេីង បែកបបូរមាត់លេី ក្រោម ទើបសមត្ថកិច្ចសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយតែជនសង្ស័យជាប្តីវាយដោយចាប់បោកក្បាលនឹងការូ និងគ្រែថ្ម ប្រាកដមែន និងបានឃាត់ខ្លួនជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យ ជាប្តីត្រូវបានកម្លាំងជំនាញ ធ្វើការឃាត់ខ្លួន ដើម្បីសាកសួរ និងកសាង សុំណុំរឿង តាមនិតិវិធី រីឯសាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។

