Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រសួងមហាផ្ទៃ បានឲ្យគណបក្ស កែម ឡី ដែលផ្តួចផ្តើមគំនិតផ្ទាល់ដោយលោក កែម រិទ្ធិសិត បំពេញលក្ខខ័ណ្ឌនានា ដែលបានកំណត់ក្នុងបទប្បញ្ញត្តិមាត្រា១១ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ បានឲ្យដឹងថា “តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូនលោកតំណាងស្ថាបនិកគណបក្សជ្រាបថា ក្រសួងមហាផ្ទៃ បានទទួលរួចហើយ នូវលិខិតស្នើសុំបង្កើតគណបក្ស កែម ឡី។ ដើម្បីទទួលបានភាពត្រឹមត្រូវ និងសុពលភាព ព្រមទាំងអាចធ្វើសកម្មភាពស្របតាមច្បាប់ ក្រសួងមហាផ្ទៃ ស្នើឲ្យតំណាងស្ថាបនិកគណបក្ស បំពេញលក្ខខ័ណ្ឌនានា ដែលបានកំណត់ក្នុងបទប្បញ្ញត្តិមាត្រា១១ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ”

លោក កែម រិទិ្ធសិត ប្អូនប្រុសបង្កើតសពលោក កែម ឡី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ បានប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយ ដែលមានឈ្មោះថា “គណបក្ស កែម ឡី” ដើម្បីចូលរួមការប្រកួតបោះឆ្នោតថ្នាក់ជាតិ នីតិកាលទី៦ នៅខែកក្កដា ឆ្នាំ២០១៨ខាងមុខ។ ប៉ុន្តែការប្រកាសបង្កើតគណបក្សថ្មីនេះ ភរិយាលោកបណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា បានសម្តែងការមិនពេញចិត្ត និងមិនគាំទ្រនោះទេ ដោយសារអ្នកស្រីអះអាងថា លោក កែម ឡី គ្មានបំណងបង្កើតគណបក្សនយោបាយនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor