
ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានថ្លែងថា មានមធ្យោបាយតែមួយ ដែលអាចមានលទ្ធភាព ក្នុងការចូលប្រកួតប្រជែងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រឆ្នាំ២០១៨ ខាងមុខបាន អតីតគណបក្សសង្រ្គោះជាតិ (CNRP) ទៅបង្កើតគណបក្សថ្មី ឲ្យត្រឹមត្រូវតាមគោលការណ៍ច្បាប់ ស្តីពីគណបក្សនយោបាយ បំពេញបែបបទឲ្យបានគ្រប់គ្រាន់ជាការស្រេច។
លោក សុខ ឥសាន បានថ្លែងតាម សារតេឡេក្រោម នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ ថា គោលដៅរបស់ពួកប្រឆាំង ចង់បានការចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាខែកក្កដាខាងមុខ។ ដើម្បីសម្រេចមហិច្ឆតានេះ ពួកប្រឆាំងបានជ្រើសរើស យកមធ្យោបាយមួយ គឺស្នើឲ្យចៅហ្វាយនាយពួកគេ ដាក់គំនាបគាបសង្កត់ មកលើរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការរឹតបន្តឹងទិដ្ឋាកា ការគំរាមរឹបអូសទ្រព្យសម្បត្តិ លុយកាក់ នៅក្រៅប្រទេសរបស់មន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាល ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើកម្ពុជាជាដើម។
លោក បន្ដថា មធ្យោបាយបែបនេះ មិនអាចសម្រេចលទ្ធផល បានជាដាច់ខាត ដែលអាចហៅថា មធ្យោបាយខុសឆ្គងមួយយ៉ាងធំ ទោះបីខិតខំយ៉ាងណាក៏ដោយ ក៏មិនបានការដែរ។
លោក សុខ ឥសាន ថ្លែងទៀតថា “ដោយពិនិត្យឃើញមានមធ្យោបាយ តែមួយគត់ ដែលអាចមានលទ្ធភាព ក្នុងការចូលប្រកួតប្រជែង ការបោះឆ្នោតជាតិ នាពេលខាងមុខបាននោះ គឺបង្កើតគណបក្សថ្មី ឲ្យត្រឹមត្រូវតាមគោលការណ៍ច្បាប់ ស្តីពីគណបក្សនយោបាយ បំពេញបែបបទ ឲ្យបានគ្រប់គ្រាន់ទៅជាការស្រេច” ។
លោកបញ្ជាក់ថា នេះគឺជាមធ្យោបាយផ្លូវច្បាប់ ដែលមន្ត្រីអតីតបក្សប្រឆាំង ក្រៅពី១១៨ នាក់នោះ អាចធ្វើបានស្របតាមសិទ្ធិនយោបាយ របស់ពលរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ។
លោកអះអាងថា បើប្រាប់ប៉ុណ្ណឹងហើយមិនជឿក៏ទៅតាមដំណើរទៅ បើចង់នៅរង់ចាំមើលលទ្ធផលដាក់ទណ្ឌកម្ម និងគំនាបមកលើរាជរដ្ឋាភិបាល ក៏ស្រេចនឹងចិត្តចុះ តែ កុំយល់សុបិន្ដឲ្យសោះ គ្មានរឿងបែបនេះកើតឡើងទេ។
សូមបញ្ជាក់ថា សហភាពអឺរ៉ុប (EU) បានព្រមានដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្ម ដោយពិនិត្យឡើងវិញ ពីការទិញទំនិញពីប្រទេសកម្ពុជា បើរាជរដ្ឋាភិបាលកម្ពុជាមិនព្រមដោះលែងលោក កឹម សុខា មិនឲ្យគណបក្សសង្គ្រោះជាតិ ដំណើការឡើងវិញ មិនព្រមរៀបចំការបោះឆ្នោត ត្រឹមត្រូវ ដោយមាន គណបក្សសង្គ្រោះជាតិចូលរួម៕
