
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបុរេប្រទានសាច់ប្រាក់ជាង៣០ម៉ឺនដុល្លារ ដើម្បីយកទៅបើកជូនដល់ក្រុមកម្មករ-កម្មការិនីចំនួន២១៨នាក់ នៅរោងចក្រ ជុងហ្វៃ ស្ថិតក្នុងខណ្ឌមានជ័យ ដែលត្រូវថៅកែរត់ចោល។ ចំណាត់ការនេះ បានធ្វើឡើងភ្លាមៗ តបតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានណែនាំដល់ក្រសួង និងមន្ត្រីពាក់ព័ន្ធដោះស្រាយបញ្ហានេះ ជូនកម្មករ-កម្មការិនី នៅពេលដែលជួបបញ្ហាការងារ។
នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨នេះ លោក ប្រាក់ ចាន់ធឿន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម តាមមុខសញ្ញា និងជាអគ្គលេខាធិការក្រសួងការងារ និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានលេខាធិការដ្ឋានដោះស្រាយកូដកម្ម បាតុកម្ម តាមមុខសញ្ញាប្រចាំខណ្ឌមានជ័យ បានជួបសំណេះសំណាល និងបើកប្រាក់បុរេប្រទានរបស់ រាជរដ្ឋាភិបាល ជូនបងប្អូនកម្មករ-កម្មការនី រោងចក្រ ជុងហ្វៃ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលថៅកែរោងចក្ររត់ចោល។

ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីមន្ត្រីតំណាងក្រសួងការងារ, លោក សាយ វុទ្ធា ប្រធានការិយាល័យការងារខណ្ឌមានជ័យ, លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម, នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម, តំណាងអធិការខណ្ឌមានជ័យ, តំណាងអាវុធហត្ថខណ្ឌមានជ័យ និងកម្មករ-កម្មការិនីសរុប២១៨នាក់។

លោក ឌី រ័ត្នខេមរុណ បានអោយដឹងថា កម្មករ-កម្មការិនី ត្រូវទទួលបានប្រាក់ខែពីឆ្នាំ២០១៦ មកម្ល៉េះ ហើយពួកគាត់ ដែលទទួលបានប្រាក់បុរេប្រទានពីរាជរដ្ឋាភិបាលចំនួន២១៨នាក់ ក្នុងម្នាក់ៗទទួលបាន ពី១៣០០ដុល្លារ ដល់១៦០០ដុល្លារ ដែលបានទទួលថវិកាបុរេប្រទានពីរាជរដ្ឋាភិបាលសរុប ៣០៣,១៩៦ដុល្លារ ។
ចំពោះមុខកម្មករកម្មការនីរោងចក្រទាំង២១៨នាក់ សម្តែងនូវអារម្មណ៍ត្រេកអរយ៉ាងក្រៃលែង ចំពោះការគិតគូរយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ពិសេសរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មកលើកម្មករកម្មការនីដែលជួបទុក្ខលំបាក ជាក់ស្តែងដូចបាតុភាពខាងលើ៕








