
ព្រៃវែង៖ ករណីរំលោភ កុមារីអាយុ ០៥ឆ្នាំ ក្នុងចេតិយ៍ រួចសម្លាប់ ដោយយកសពបោះចោល ក្នុងស្រះទឹក កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញនេះ នៅចំណុចមាត់ស្រះទឹកខាងត្បូង ឈៀងខាងកើតក្នុងវត្តសទ្ធាភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេចខេត្តព្រៃវែងបង្កការភ្ញាក់ផ្អើលនោះ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រៃវែងបានបើកការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបាន ជនសង្ស័យហើយ នារសៀលថ្ងៃទី១៨ខែមេសាឆ្នាំ២០១៨ នៅចំណុចភូមិរបស់ខ្លួន ។

ស្នងការរងខេត្តព្រៃវែង លោក ពៅ ជីវី បានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ពេជ ពិសី ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិកើតហេតុ ហើយលោកបញ្ជាក់ថា ជនសង្ស័យម្នាក់នេះ បានសារភាពថាខ្លួនពិតជាបានចាប់ រំលោភកុមារីរងគ្រោះ ខាងលើ និងច្របាច់ក សម្លាប់យកសពបោះចោលក្នុងស្រះទឹកពិតប្រាកដមែន។

លោកស្នងការបន្ថែមថា ជនសង្ស័យមិនតែរំលោភសម្លាប់កុមារីរងគ្រោះខាងលើនោះទេ កាលពីឆ្នាំ២០១៧ជននេះធ្លាប់បានចាប់រំលោភបងបង្កើតរបស់ជនរងគ្រោះម្ដងរួចមកហើយ ខណៈនាងទើបអាយុ១០ឆ្នាំ ដោយកាលណោះ ជនសង្ស័យ និងគ្រួសាររងគ្រោះបានសម្រួលគ្នាមិនឲ្យសមត្ថកិច្ចដឹង លុះដល់ថ្ងៃខែម៉ោងខាងលើស្រាប់តែជននេះមករំលោភសម្លាប់ប្អូនទៀត។

បច្ចុប្បន្នសមត្ថកិច្ច បានកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ៕




