
ភ្នំពេញៈ មិនដល់២៤ម៉ោងស្រួលបួលផង ករណីឃាតកម្មសម្លាប់ស្ត្រីម៉ាស្សាម្នាក់ ត្រូវបានសមត្ថកិច្ចវែកមុខ និងឈានទៅឃាត់ខ្លួនបុរសម្នាក់ ដែលជាឃាតកដៃឆៅសម្លាប់ជនរងគ្រោះ ហើយយកគ្រឿងអល័ង្ការ ព្រោះខឹងនាងមានអ្នកថ្មី។ ករណីឃាតកម្មនេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពិធិបុណ្យចូលឆ្នាំថ្មីបានមួយថ្ងៃ។
មន្ត្រីនគរបាលខណ្ឌចំការមន ប្រាប់ឲ្យដឹងថា ប៉ូលិសព្រហ្មទណ្ឌខណ្ឌចំការមន បានបើកការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ហុង សុខហេង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិកស្ទីមសូណា KS នៅក្នុងទីតាំងហាងម៉ាស្សាតែម្ដង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ ពាក់ព័ន្ធករណីសម្លាប់ស្ត្រីម៉ាស្សា KS កាលពីថ្ងៃម្សិលមិញ។ ប៉ូលិសបញ្ជាក់ថា មូលហេតុនាំឲ្យកើតមានករណីឃាតកម្មនេះ ដោយសារជនដៃដល់ជាឃាតក និងជនរងគ្រោះ មានទំនាក់ទំនងស្នេហាជាមួយគ្នា ប៉ុន្តែដោយមួយរយៈចុងក្រោយនេះ ជនសង្ស័យមានការសង្ស័យថា ជនរងគ្រោះក្បត់ចិត្ត លួចមានប្រុសថ្មី ទើបកើតជារឿងធ្វើឃាតនេះតែម្ដង។

ស្រ្តីម៉ាស្សាម្នាក់ ត្រូវបានប្រទះឃើញស្លាប់ក្នុងបន្ទប់ផ្ទះជួលជាន់ទី១ សង្ស័យជាករណីឃាតកម្មប្លន់យកទ្រព្យសម្បត្តិ ហើយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋប្ដឹងសមត្ថកិច្ច កាលពីវេលាព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលលេខ៣៦៥ តាមផ្លូវលេខ១៦៣ ក្រុម១៦ ស្ថិតនៅភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សពស្ត្រីខាងលើ ត្រូវបានគ្រួសារអះអាងថា ឈ្មោះ សួង លីនណា ហៅ លេខ០១៦ អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកម៉ាស្សា ខេអេស (KS) ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ ស្ត្រីរងគ្រោះមានកូនប្រុស២នាក់ ឈ្មោះ រិទ្ធិ រាជ្យ អាយុ៥ឆ្នាំ និងម្នាក់ទៀត ឈ្មោះ រិទ្ធិ ស័ក្ដិ អាយុ៣ឆ្នាំ។
បើតាមប្រភពពីប្រជាពលរដ្ឋ និងក្រុមគ្រួសារ ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទូរស័ព្ទទៅអ្នកផ្ទះនៅឯស្រុកថា មិនបានទៅស្រុកទេ ពីព្រោះជនរងគ្រោះអត់មានលុយទេ បានទិញរបស់របរ និងគ្រឿងអលង្ការអស់ហើយ ចាំពីរបីថ្ងែទៀត មានលុយបានទៅលេងស្រុកហើយ។ ពេលនោះ ជនរងគ្រោះក៏បានផ្ដាំផ្ញើបងប្អូនឲ្យជួយមើលថែកូនគាត់ផង។ លុះមកដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលរស់នៅជិតផ្ទះរបស់ជនរងគ្រោះ ក៏មានការភ្ញាក់ផ្អើលថា ស្រ្ដីជនរងគ្រោះបានស្លាប់ក្នុងផ្ទះជួយមួយកន្លែង ដែលនៅជិតកន្លែងគាត់ធ្វើការ ទើបប្រជាពលរដ្ឋទូរស័ព្ទទៅប្រាប់សាច់ញាតិជនរងគ្រោះ។
ក្រោយពេលមានការភ្ញាក់ផ្អើល សមត្ថកិច្ចបានចុះអន្តរាគមន៍ស្រាវជ្រាវភ្លាមៗនៅកន្លែងកើតហេតុ ហើយឈានទៅឃាត់ខ្លួនបុរសម្នាក់ ដែលជាសន្តិសុខនៅហាងម៉ាស្សា ដើម្បីយកទៅសួរនាំ។
សមត្ថកិច្ចប្រាប់ថា កម្លាំងជំនាញសហការជាមួយខាងនគរបាលបច្ចេកទេសកោសល្យវិច័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យសពស្រ្តីរងគ្រោះនៅបន្ទប់ផ្ទះជួលនៅជាន់ទី១ គឺស្ត្រីរងគ្រោះស្លាប់ដោយសារយកខ្សែរឹតក ហើយចាប់ក្បាលបោកនឹងថ្ម បណ្ដាលឲ្យបែកហូរឈាមស្រោចពេញបន្ទប់ជួលតែម្តង៕






