នៅថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ អតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយកាលពីចុងឆ្នាំ២០១៧ បានចេញសេចក្តីថ្លែងការណ៍ មានដំណោះស្រាយនយោបាយ ខណៈការចុះឈ្មោះគណបក្សនយោបាយក្នុងបញ្ជីរបស់គ.ជ.ប បានប្រព្រឹត្តទៅ៣ថ្ងៃមកហើយ។
ក្នុងសេចក្តីថ្លែងការណ៍នេះបានសរសេរថា៖គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំតែមួយគត់តំណាងឱ្យប្រជាពលរដ្ឋខ្មែរកន្លះប្រទេស សូមបញ្ជាក់ជំហររបស់ខ្លនថាគណបក្សសង្រ្គោះជាតិគោរពយ៉ាងម៉ឺងម៉ាត់តាមឆន្ទៈរបស់ប្រជាពលរដ្ឋម្នាស់ឆ្នោតដោយទទួចទាមទារឱ្យមានដំណោះស្រាយនយោបាយ ដើម្បីឱ្យមានការបង្រួបបង្រួមជាតិនិងឯកភាពជាតិហើយនិងត្រៀមខ្លួនជានិច្ចចូលរួមប្រកួតប្រជែងការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌នាពេលខាងមុខ។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងអស់នៅតែរក្សាស្មារតីសាមគ្គីភាព រួបរួមយ៉ាងរឹងមាំជុំវិញគណបក្សសង្គ្រោះជាតិ ដោយមិនមានការពាក់ព័ន្ធជាមួយគណបក្សដទៃ ឬបុគ្គលដែលទៅបង្កើតគណបក្សនយោបាយផ្សេងឡើយ
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិបានអំពាវនាវដល់សមាជិក-សមាជិកាគណបក្សនិងសកម្មជនគណបក្សទាំងអស់សូមពង្រឹងស្មារតី និងបន្តការតស៊ូដោយអហិង្សាជាមួយគណបក្សសង្គ្រោះជាតិដើម្បីឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានតាមបែបប្រជាធិបតេយ្យ។