header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ឃាត់រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង ដែលលួចដឹកសត្វព្រៃខុច្បាប់ ឆែកឆេររកឃើញកេសដឹកសត្វព្រៃជាច្រើនប្រភេទ។ ប្រតិបត្តិការបង្ក្រាបករណីនេះ ដឹកនាំដោយលោក គាំ សីហា នាយការិយាល័យរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ និងមានការសម្របសម្រួលដោយលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីម៉ោង៥ភ្លឺ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៧០ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

សមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានឲ្យដឹងថា រថយន្តដែលបង្ក្រាបបានជាប្រភេទរថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុន សាលាអង្គរខ្មែ អុិចប្រេស្ស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3C-9774 អ្នកបើកបររថយន្តគេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានយករថយន្តក្រុងដែលមានលួចលាក់ដឹកសត្វព្រៃមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ នៅខណ្ឌចំការមន រងចាំព្រះរាជអាជ្ញាចុះមកត្រួតពិនិត្យ ដើម្បីប្រគល់ទៅឲ្យអង្គការសត្វព្រៃបន្ត ។

បើតាមសម្តីលោក គាំ សីហា នាយការិយាល័យរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ បានឲ្យដឹងថាប្រតិបត្តិការនេះ គឺកម្លាំងរបស់លោកបានតាមដានស៊ើបអង្កេតរយៈពេលមួយសប្តាហ៍មកហើយ ទើបនៅព្រឹកកើតហេតុនេះ យើងបានឃើញរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងដោយមានការសង្ស័យ ក៏បានឃាត់ឆែកឆេររកឃើញសត្វព្រៃជាច្រើនកេសនៅក្នុងរថយន្ត ។

លោក គាំ សីហា បន្តថា សត្វព្រៃដែលបង្ក្រាបបានមាន ចំនួន១៧កេស ក្នុងនោះមានសត្វ ចំនួន៥ប្រភេទ គឺអន្សង កន្ធាយ អណ្តើក ពស់ និងសត្វប្រវឹង សរុបទាំងអស់ស្មើនឹង៤២១គីឡូក្រាម ។

បន្ទាប់ពីធ្វើរបាយការណ៍រួចសត្វព្រៃទាំងអស់នេះ ត្រូវបានលោក គាំ សីហា នាយការិយាល័យរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ប្រគល់ទៅឲ្យអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលមានទីតាំងនៅក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន ដើម្បីយកទៅព្រលែងនៅតាមតំបន់ព្រៃភ្នំ រីឯសត្វដែលងាប់ គឺក្រុមការងារយកទៅដុតកម្ទេចចោល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post