
កំពតៈ ស្ត្រីវ័យជាង៣០ឆ្នាំ បានធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តហ៊ីយ៉ាន់ដាយព្រលះពេញទំហឹង។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ33 ចំណុចភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

សមត្ថកិច្ច បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងរវាង រថយន្តនិងម៉ូតូក្នុងទិសដៅស្របទិសគ្នា ពោលគឺ មុនពេលកើតហេតុគេឃើញម៉ូតូហុងដា C125 សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1J-2547 បើកបរដោយឈ្មោះ អេង សារិ ភេទស្រី អាយុ៣៥ឆ្នាំ និងអ្នករួមដំណើរឈ្មោះ អេង សារ៉យ ភេទស្រី អាយុ២៦ឆ្នាំ និងក្មេងម្នាក់ទៀត អ្នកទាំង៣ រស់នៅភូមិ កោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុក កំពង់ត្រាច ធ្វើដំណើរពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើ ក៏បានបត់ឆ្វេងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តម៉ាកហ៊ីហិនដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-5700 ផ្ទុកទម្ងន់ ៥តោន បានបុកពីក្រោយពេញទំហឹង ហើយកិនស្រ្តីឈ្មោះ អេង សារ៉យ ធ្លាយខួរស្លាប់នៅនឹងកន្លែងកើតហេតុ។ ភ្លាមៗនោះ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែង យករថយន្ននិងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកសាកសពស្រ្តីរងគ្រោះ សមត្ថកិច្ចប្រគល់ជូនក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី៕






