header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ រថយន្ដដឹកប្រេងសាំងរបស់ក្រុមហ៊ុន ptt បានព្រលះគ្នាជាមួយរថយន្តសណ្ដោងរ៉ឺម៉កកុងតឺន័រ យ៉ាងពេញទំហឹងក្នុងទិសដៅបញ្ច្រាសគ្នាគួរឲ្យរន្ធត់ ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យផ្ទុះឆេះ ដោយគ្រាន់តែបណ្ដាលឲ្យក្រឡាប់រថយន្ត ចាក់ប្រេងពេញផ្លូវជាតិលេខ៤ និងតៃកុង២នាក់រងរបួសធ្ងន់ធ្ងរ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានហៅរថយន្តសាមុយដឹកជនរងគ្រោះទៅមន្ទីរពេទ្យ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់លាងសម្អាតអស់ទឹក៤រថយន្ត។

គ្រោះថ្នាក់ចរាចណ៍ដ៏រន្ធត់នេះ បានកើតឡើងនាវេលាម៉ោង៨៖៤៥នាទីយប់ ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៨-៣៩ ចំណុចភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​។

មន្ត្រីនគរបាលចរាចរណ៍ខេត្ត ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត ១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-4681 សណ្តោងស៊ីទែនប្រេងសាំងរបស់ក្រុមហ៊ុន ptt ពាក់ស្លាកលេខ ភ្នំពេញ 4A-19​24 ពីក្រោយ បានបើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសខាងលិចទៅទិសខាងកើត។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ រថយន្តនេះបាន​ប៉ះជាមួយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ព្រះសីហនុ 3Q-4681 ដែលមានសណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ 4A-1910 បើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យក្រឡាប់រថយន្តចាក់ប្រេងពេញផ្លូវ និងអ្នកបើកបរ​រថយន្តទាំងពីររងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅពេទ្យសម្ភពអ៊ុសារ៉នសង្រ្គោះ​​។ អ្នកបើកបរមិនទាន់​ស្គាល់ឈ្មោះ​ សមត្ថកិច្ចបន្ត​ស្រាវជ្រាវ​។

នគរបាលជំនាញ បន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបណ្ដាលឲ្យខូចខាតរថយន្ត២គ្រឿង ក្នុងកម្រិតធ្ងន់ និងបណ្ដាលឲ្យកកស្ទះចរាចរណ៍ចាប់ពីម៉ោង២០៖៤៥នាទីយប់ រហូតដល់ម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៦ ខែមិថុនានេះ ទើបធើ្វចរាចរបានធម្មតាវិញ។ ករណីនេះផងដែរ ត្រូវបានជួយអន្តរាគមន៍ដោយរថយន្តអគ្គិភ័យចំនួន​២គ្រឿង​ របស់ស្នងការ​ដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ ដែលបានធើ្វការបាញ់ទឹកលាងសម្អាតប្រេងហៀរលើផ្លូវជាតិ អស់ចំនួន៤ឡាន ទើបលាងស្អាតប្រេងនោះជាស្ថាពរ។

ក្រោយកើតហេតុ មន្ត្រីនគរបាលជំនាញចរាចរណ៍ស្រុក បានអូសយកវត្ថុតាង(រថយន្ត)ទាំង២គ្រឿង ទៅរក្សារទុកនៅអធិការដ្ឋាន​ស្រុកសំរោងទង រង់ចាំ​កសាងសំណុំរឿង​ចាត់ការតាមនីតិវិធី​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post