header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ ប៉ូលិសស្រុកស្អាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង៤៖៣០នាទីរសៀល ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចរោងចិញ្ចឹមមាន់ជល់ របស់ឈ្មោះ អ៊ុ តុលា ស្ថិតក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

អធិការនគរបាលស្រុកស្អាង វរសេនីយ៍ឯក សេង សុជាតិ ឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃាង គីណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ទីលំនៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើ ខណៈជនសង្ស័យឈ្មោះ អ៊ុ តុលា ហៅ យ៉ា ហៅ នី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ បានរត់គេចខ្លួន។

បើតាមលោកអធិការ ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន និងឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យថា ជាសារធាតុញៀន ប្រភេទម៉ាទឹកកក ចំនួន១កញ្ចប់ធំ។។

លោកបន្តថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀននៅចំណុចកើតហេតុខាងលើ ភ្លាមនោះ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរកាខ្ពស់ បានចុះដល់ចំណុចកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃាង គីណា ចំណែកឈ្មោះ អ៊ុ តុលា បានគេចខ្លួនបាត់។ បន្ទាប់មក សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យឆែកឆេររោងចិញ្ចឹមមាន់ជល់របស់ជនសង្ស័យឈ្មោះ អ៊ុ តុលា ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ និងលោកមេភូមិកោះគរ បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន១កញ្ចប់ធំ ដែលលាក់នៅជញ្ជាំងរោងចំហៀងខាងត្បូង រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ដើម្បីសាកសួរបន្ដ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យឈ្មោះ ឃាង គីណា បានសារភាពថា គ្រឿងញៀន (ម៉ាទឹកកក) ចំនួន១កញ្ចប់ធំនេះ ជារបស់ឈ្មោះ អ៊ុ តុលា ដែលទុកសម្រាប់ឲ្យខ្លួន(គីណា)លក់ឲ្យអ្នកទូរស័ព្ទមកទិញចំនួន២០ម៉ឺនរៀល មុនពេលសមត្ថកិច្ចឃាត់ខ្លួន ពិតប្រាកដមែន។

ឈ្មោះ ឃាង គីណា បានសារភាពទៀតថា នៅវេលាម៉ោង១០ព្រឹកថ្ងៃកើតហេតុ (០៥/០៦/២០១៨) ឈ្មោះ អ៊ុ តុលា បានឲ្យគ្រឿងញៀន(ម៉ាទឹកកក)មកខ្លួន ដើម្បីយកទៅលក់ឲ្យគេមិនស្គាល់ឈ្មោះ ក្នុង១កញ្ចប់តូចតម្លៃ៥០,០០០រៀល ហើយរយៈពេលប្រហែល០២ខែកន្លងមក ឈ្មោះ ឃាង គីណា ធ្លាប់បានលក់គ្រឿងញៀនប្រភេទម៉ាទឹកកកឲ្យគេមិនស្គាល់ឈ្មោះចំនួន៥កញ្ចប់ មានតម្លៃពី៤ម៉ឺន ទៅ៥ម៉ឺនរៀល និងធ្លាប់ប្រើប្រាស់គ្រឿងញៀនម៉ាទឹកកក រយៈពេល២ឆ្នាំ រហូតមកដល់សព្វថៃ្ងនេះ។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដន៍តាមនីតិវីធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post