ភ្នំពេញៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា បានថ្លែងថា គ.ជ.ប នៅមិនទាន់បានទទួល ពាក្យបណ្ដឹង របស់ក្រសួង មហាផ្ទៃ ដែលបានដាក់ស្នើឲ្យ គ.ជ.ប ចាត់វិធានការលើករណីអ្នក ដែលយករថយន្តពាក់ស្លាក លេខនគរបាល (នប) និងខេមរភូមិន្ទ (ខ.ម) ទៅដង្ហែក្បួនឃោសនា ឲ្យគណបក្ស ដែលផ្ទុយ ទៅនឹងច្បាប់។
លោក ទេព នីថា បានថ្លែងក្នុងការធ្វើបទពិសោធន៍ទឹកខ្មៅជ្រលក់ដៃសម្រាប់បម្រើឲ្យ ការបោះឆ្នោត ដើម្បីដឹងគុណភាពទឹកខ្មៅ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ថា “ក្រសួងមហាផ្ទៃ បានរៀបចំឯកសារបញ្ជូនករណីប្រើប្រាស់រថយន្តរដ្ឋមកគ.ជ.ប តែយើងខ្ញុំអត់ទាន់បាន ទទួលទេ”។
លោកសង្កត់ធ្ងន់ថា គ.ជ.ប នឹងជូនព័ត៌មានទៅគណៈកម្មការ ខេត្តរៀបចំការបោះឆ្នោត ទូទាំងប្រទេស ដើម្បីស្រាវជ្រាវករណីអ្នកដែលយករថយន្តពាក់ស្លាកលេខខេមរភូមិន្ទ និងនគរបាល ឲ្យច្បាស់លាស់បន្ថែមទៀត ព្រោះការបង្ហោះតាមប្រព័ន្ធហ្វេសប៊ុកខ្លះ មិនពិតប្រាកដ។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រាវជ្រាវរកឃើញថា រថយន្ត Lexus មួយគ្រឿង ដែលពាក់ស្លាកលេខនគរបាល 2-0996 គឺជារបស់មន្ត្រី នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដែលបានយកទៅពាក់ស្លាកគណបក្សប្រជាជនកម្ពុជា យកទៅឃោសនាបោះឆ្នោត។ ក្នុងករណីនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ចាត់វិធានការយករថយន្តនោះមកបកស្លាកគណបក្សចេញ និងបានដាក់ ពិន័យដែលបានប្រព្រឹត្តកំហុសផងដែរ។
សូមបញ្ជាក់ថា ករណីនេះ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្រាវជ្រាវម្ចាស់រថយន្ត ដែលពាក់ស្លាកលេខ នគរបាល និងខេមរភូមិន្ទមកអប់រំ និងដាក់ពិន័យ៕