header ads

Sponsor

ពិសី

បាត់ដំបងៈ អតីតសមាជិកបក្ស ចំនួន ៥ រូប របស់អតីតគណបក្ស​សង្គ្រោះជាតិ ដែលហៅកាត់ថា CNRP នៅតាមបណ្តាស្រុកនានា ក្នុងខេត្តបាត់ដំបង ត្រូវបានគណកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ធ្វើការកោះហៅឲ្យ​ចូលខ្លួនទៅបំភ្លឺក្នុងសវនាការ  ដោយសារជនទាំង ៥ រូបនេះ ត្រូវបានមន្ត្រីគណបក្សប្រជាជន ប្តឹងពាក់ព័ន្ធទៅនឹងយុទ្ធនាការម្រាមដៃស្អាតរបស់ចលនាសង្គ្រោះជាតិ។

គួរបញ្ជាក់ដែរថា នៅក្នុងរយៈកាលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គ្រប់គណបក្ស បែរជាមនុស្សទាំង៥នាក់នេះ ដែលជាអតីតសមាជិកបក្ស CNRP បានធ្វើការបង្ហោះរូបភាព  និងសារមួយចំនួន ដោយលើកម្រាមដៃ ក្នុងន័យបំផុសបំផុលមិនឲ្យ​ប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ។ ដោយគេមានពាក្យមួយឃ្លាថា«យុទ្ធនាការ ម្រាមដៃស្អាត » សបញ្ជាក់ឲ្យ​ឃើញថា ជាម្រាមដៃ ដែលមិនព្រមចូលរួមបោះឆ្នោត។

ក្រោយពីមានយុទ្ធនាការ ម្រាមដៃស្អាត និងចលនាសង្គ្រោះជាតិក្នុងគោលបំណងរារាំងមិនអោយប្រជាពលរដ្ឋបានបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរបែបនេះ ទើបក្រុមការងារនៃគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យប្តឹងទៅលើមន្ត្រីទាំង៥ រូបនោះទៅ គ.ជ.ប ថ្នាក់ខេត្ត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ នៅបរិវេណលេខាធិការដ្ឋាននៃ គ.ជ.ប ខេត្តបាត់ដំបង បានបើកសវនាការជំនុំជម្រះ លើពាក្យបណ្តឹងចំនួន៥ ដោយសំណុំរឿងតែមួយ បានចោទប្រកាន់ទៅលើអតីតសមាជិកគណបក្ស CNRP ចំនួន៥រូប ក្នុងនោះគឺ ១.លោក ជា ជីវ  អតីតប្រធានបក្សខេត្ត ២. លោក ថោង សារឿន អតីតប្រធានបក្សស្រុកគាស់ក្រឡ ៣. លោក ម៉ាង ឈុន អតីតសមាជិកបក្ស ស្រុកគាស់ក្រឡ ៤. លោក ពៅ តាំង  អតីត ក្រុមប្រឹក្សាស្រុក កំរៀង  និង ៥. លោក គ្រុយ គឹមសាំង អតីតក្រុមប្រឹក្សាស្រុក កំរៀង ។

ផ្ទុយទៅវិញ នៅក្នុងឱកាសបើកសវនាការនោះដែរ  គេពុំបានឃើញវត្តមានអស់លោកទាំង ៥ រូប ដែលជាប់ពាក់ព័ន្ធនឹងពាក្យបណ្តឹងនេះទេ  ដោយមានវត្តមានរបស់លោក សួន ចំរើន  ជាតំណាងទៅវិញ ដែលបុគ្គលរូបនេះ  អតីតមាននាទីជាប្រធានយុវជនបក្ស CNRP ខេត្ត  និងជាទីប្រឹក្សាផ្ទាល់របស់លោក អេង ឆាយអៀង ដើម្បីបំភ្លឺក្នុងសវនាការនេះ ហើយគេក៏សង្គេតឃើញ កញ្ញា ស៊ិន ចាន់ពៅ រ៉ូហ្សេត អតីតចៅសង្កាត់អូរចារ ចូលរួមស្តាប់នឹងគេដែរ ដោយឡែកនៅខាងដើមបណ្តឹង  ដែលជាមន្ត្រីមកពីគណបក្សប្រជាជន គឺមានវត្តមាន ៤ រូប គឺ ១. លោក  ហម មុនី ២. លោក នីត នីតីយ៉ាណា  ៣. លោក ភួង ណាវុធ និង៤. លោក សុត សុផុន ។

អង្គសវនាការជំនុំជម្រះរបស់ គ.ជ.ប ខេត្តបាត់ដំបង បានបញ្ចប់នៅវេលាម៉ោង១២និង ៣០ នាទីថ្ងៃដដែល ដោយបានសម្រេចធ្វើការផាកពិន័យទៅលើបុគ្គលទាំង៥រូប ដែលមានចេតនាមិនអោយប្រជាពលរដ្ឋចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ដោយក្នុងម្នាក់ៗ ចំនួន១០លានរៀល នេះមិនទាន់គិតពីបទល្មើសព្រហ្មទណ្ឌនៅឡើយ ហើយ គ.ជ.ប បើកសិទ្ធឲ្យ​ប្តឹងតវ៉ាបានតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post