header ads

Sponsor

ពិសី

ភ្នំពេញៈ គណបក្សនយោបាយចំនួន៦ នឹងធ្វើការហែក្បួនឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែកក្កដា ដែលជាថ្ងៃបញ្ចប់ នៃយុទ្ធនាការឃោសនា ដោយមានអ្នកចូលរួមសរុបទាំងអស់ ជាង៣២ម៉ឺននាក់ និងមានរថយន្តចំនួន៣៦៧០គ្រឿង ម៉ូតូកង់បីជិត១ពាន់គ្រឿង និងម៉ូតូជាង៨ពាន់គ្រឿង។ នេះបើយោងតាមរបាយការណ៍ របស់គណៈកម្មាការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍នេះ បានបង្ហាញឲ្យដឹងថា គណបក្សនយោបាយទាំង៦នោះ រួមមាន៖ ទី១-គណបក្សប្រជាជនកម្ពុជា ហែក្បួនចេញពីកោះពេជ្រ និងបញ្ចប់នៅកោះពេជ្រ ដោយមានអ្នកចូលរួមចំនួន២៥ម៉ឺននាក់ មានរថយន្តចំនួន៣ពាន់គ្រឿង និងម៉ូតូចំនួន៥៨០០០គ្រឿង។

ទី២-គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទីតាំងទី១. ហែក្បួនចេញពីផ្លូវសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) និងបញ្ចប់នៅផ្លូវលីយ៉ុងផាត់។ ទីតាំងទី២. ហែក្បួនផ្លូវលីយ៉ុងផាត់ និងបញ្ចប់នៅទីស្នាក់ការគណបក្សនៅលើផ្លូវ៣១៥។ ការហែក្បួននេះ មានអ្នកចូលរួមចំនួន៥ម៉ឺននាក់ រថយន្តមានចំនួន៥០០គ្រឿង ម៉ូតូកង់បីចំនួន៨០០គ្រឿង និងម៉ូតូចំនួន២ម៉ឺនគ្រឿង ។

ទី៣-គណបក្សសញ្ជាតិកម្ពុជា ហែក្បួនចេញពីទីលានប្រជាធិបតេយ្យ បញ្ចប់នៅវត្តសំពៅមាស ជិតពហុកីឡាដ្ឋានជាតិអូឡាំពិក ដោយមានអ្នកចូលរួម ចំនួន២ម៉ឺននាក់ មានរថយន្តចំនួន១០០គ្រឿង ម៉ូតូកង់បីចំនួន១០០គ្រឿង និងម៉ូតូចំនួន៥ពាន់គ្រឿង។

ទី៤-គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនចេញពីទីស្នាក់ការកណ្តាលគណបក្ស នៅសង្កាត់ជ្រោយចង្វារ (មាត់ទន្លេត្រើយខាងកើត) បញ្ចប់នៅទីវាលការឺឡាចុងខាងត្បូងសូនវត្តបទុមវតី ដោយមានអ្នកចូលរួមចំនួន១៥០០នាក់ មានរថយន្តតូច៣០គ្រឿង រថយន្តកូរ៉េ២០គ្រឿង ម៉ូតូកង់បីចំនួន២០គ្រឿង និងម៉ូតូចំនួន៥០០គ្រឿង។

ទី៥-គណបក្សខ្មែរក្រោក ហែក្បួនចេញពីរង្វង់មូលកាំកូស៊ីធី សម្រាកទទួលទានអាហារថ្ងៃត្រង់ផ្លូវលីយ៉ុងផាត់ បញ្ចប់នៅផ្លូវវ៉េងស្រេង ដោយមានអ្នកចូលរួម ចំនួន៣៨០នាក់ មានរថយន្តចំនួន២០គ្រឿង ម៉ូតូកង់បីចំនួន៣០គ្រឿង និងម៉ូតូ៨០គ្រឿង។

ទី៦-គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ហែក្បួនចេញពីទីស្នាក់ការ នៅជិតទូរទស្សន៍អាស៊ីអាគ្នេយ៍ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បញ្ចប់នៅទីស្នាក់ការ ដោយមានអ្នកចូលរួម ចំនួន១០០នាក់ មានរថយន្តចំនួន២០គ្រឿង ម៉ូតូកង់បីចំនួន៥០គ្រឿង ។

សូមជម្រាបថា ការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ គឺមានរយៈពេល ២១ថ្ងៃ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ ចំណែកការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post