
ភ្នំពេញៈ តុលាការកំពូល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ បានបើកសវនាការរឿងក្តីលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ សុំនៅក្រៅឃុំបណ្តោះអាសន្ន អស់រយៈពេលពេញមួយព្រឹក ហើយសម្រេចមិនឲ្យលោក កឹម សុខា មានសេរីភាព លោក ហែម សុជាតិ មេធាវីម្នាក់ ក្នុងចំណោមមេធាវី៥នាក់ ដែលការពារក្តីមានការសោកស្ដាយយ៉ាងខ្លាំង ខណៈជំងឺរបស់លោកកំពុងត្រូវការវះកាត់ ។
តាមដីកាតុលាការកំពូល បានបង្ហាញថា សវនាការព្រឹកថ្ងៃ២២ សីហា ដឹកនាំដោយលោក គង់ ស្រ៊ីម ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ឈួន ចាន់ថា តំណាងមហាអយ្យការ ខណៈលោក កឹម សុខា បច្ចុប្បន្នជាប់ពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ រយៈពេលជិត១ឆ្នាំ ហើយពុំត្រូវបាន បញ្ជូនមកចូលរួមសវនាការនៅតុលាការកំពូលនោះទេ ។
ក្រោយបញ្ចប់ការសួរដេញដោល របស់តុលាការកំពូល នៅថ្ងៃទី២២ សីហា លោក ហែម សុជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា “យើងយល់ឃើញថា ជាការសោកស្ដាយជំនួសកូនក្ដី ដោយសារតែអ្វីដែលមេធាវីបានលើកឡើងប្រឹងប្រែងគ្រប់វិធី ដើម្បីបង្ហាញភស្ដុតាង បង្ហាញអង្គហេតុ ប៉ុន្ដែធ្វើម៉េចតុលាការមិនសម្រេចដោះលែង។ ចឹងយើងមានតែការសោកស្ដាយលទ្ធផល”។
មេធាវីបញ្ជាក់ថា ចំពោះស្ថានភាពជំងឺរបស់លោក កឹម សុខាវិញ អាចនិយាយបានថា ជំងឺរបស់គាត់ត្រូវការវះកាត់ ប្រសិនបើមិនវះកាត់ទេ មិនអាចជាសះស្បើយបានឡើយ ។
លោក ហែម សុជាតិ ក៏បានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់នោះ ជំងឺរបស់លោក កឹម សុខា គឺឆ្អឹងគៀបសរសៃ ដូច្នេះចង់ឲ្យគាត់ចេញមកព្យាបាលជំងឺមួយរយៈសិន ។
ជាមួយគ្នានេះ ក្នុងអំឡុងពេលបើកសវនាការ លោក អ៊ូ ចាន់រិទ្ធ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ក៏បានបង្ហាញក្តីសង្ឃឹមថា លោក កឹម សុខា នឹងត្រូវដោះលែងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ។
ករណីលោក កឹម សុខា នេះដែរ មានមតិប្រជាពលរដ្ឋជាច្រើនសង្ឃឹមថា លោកនឹងចេញក្រៅឃុំ ខណៈប៉ុន្មានថ្ងៃនេះ មានអ្នកទោសនយោបាយជាច្រើន ត្រូវដោះលែងរួមមាន លោក គឹម សុខ,អ្នកស្រី ទេព វន្នី និងមនុស្សមួយចំនួនទៀត, លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា អតីតអ្នកយកព័ត៌មាន របស់វិទ្យុអាស៊ីសេរី៕