
ភ្នំពេញៈ បុរសជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៩ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលវិមានឯករាជ្យ ផ្លូវព្រះសរាម្រិត ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទធ្វើសកម្មភាពសម្រួលចរាចរណ៍ខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។
ជនជាតិវៀតណាម ដែលត្រូវបានឃាត់ខ្លួនឈ្មោះ VO CONG DOAN ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ។


ក្រោយឃាត់ខ្លួនសមត្ថកិច្ច ដកហូតសម្ភាររួមមាន ៖ អត្តសញ្ញាណបណ្ណកងទ័ពវៀតណាម ១សន្លឹក អត្តសញ្ញាណបណ្ណប្រជាជនវៀតណាម ១សន្លឹក ប័ណ្ណបើកបរ១សន្លឹក ទូរស័ព្ទដៃ ម៉ាកណូគា១គ្រឿង កាបូបលុយ១ កូនកាំបិតចុងស្រួច២ ។

បច្ចុប្បន្នជនជាតិវៀតណាម និងសម្ភារៈខាងលើ ត្រូវបានប្រគល់ជូនការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការបន្ត៕