កំពង់ស្ពឺៈ ក្មេងឃ្វាលគោមួយក្រុមមានគ្នា៤នាក់ រើសគ្រាប់បែក M79មួយគ្រាប់ ដែលបន្សល់នៅតាំពីសម័យសង្គ្រាម យកមកលេង បណ្តាលឲ្យផ្ទុះស្លាប់ម្នាក់ និងរងរបួសធ្ងន់៣នាក់។
ករណីផ្ទុះគ្រាប់នេះ កើតឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបរិវេណបន្ទាយACO ស្ថិតក្នុងភូមិក្អែកពង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មេបញ្ជាការមូលដ្ឋានអាវុធហត្ថ ស្រុកភ្នំស្រួច លោក យស់ ឌីណា បានឲ្យដឹងថា ក្មេងរងគ្រោះទាំង៤នាក់ ទី១ឈ្មោះ ងោល តាំងហេង ភេទប្រុស អាយុ១០ឆ្នាំ ទី២, ឈ្មោះ សូន រ័ត្ន ភេទប្រុស អាយុ១២ឆ្នាំ ទី៣,ឈ្មោះ យ៉ែម ស្វិត ភេទប្រុស អាយុ៩ឆ្នាំ រងរបួសធ្ងន់ ទី៤,ឈ្មោះ យ៉ែម ខ្មៅ ភេទប្រុស អាយុ៦ឆ្នាំ អ្នកទាំងបួននាក់ រស់នៅភូមិ ក្អែកពង ឃុំតាំងស្យាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកបន្តថា មុនពេលកើតហេតុ ក្មេងឃ្វាលគោទាំង៤នាក់ បានរើសបានគ្រាប់បែកមួយគ្រាប់ប្រភេទM79 យកទៅដំលេងរួច បណ្តាលឲ្យផ្ទុះ ធ្វើឲ្យក្មេងប្រុសឈ្មោះ ងោល តាំងហេង ស្លាប់នៅនិងកន្លែងកើតហេតុ និងក្មេង៣នាក់ទៀត រងរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ។ ចំណែសពក្មេងរងគ្រោះ ត្រូវបានមន្ត្រីជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕