header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ព្រោះតែបានលង់ស្រឡាញ់ស្រ្តីម្នាក់តែនាងមិនព្រម ដោយប្រាប់ថារាប់អានគ្នាត្រឹមបងប្អូនបានហើយ នោះបែរជាធ្វើឲ្យបុរសរូបនេះខឹង ក៏បានប្រើហិង្សាទៅលើរូបនាងយ៉ាងចាស់ដៃ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបងប្អូនដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកបុរសបង្កហេតុបានរត់គេចខ្លួនបាត់អស់រយៈពេលមួយសប្ដាហ៍ ក្រោយក៏ត្រូវកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះតាមចាប់បាន យកមកដាក់ទោសតាមច្បាប់។

ករណីឃាត់ខ្លួនជនដៃដល់ដែលប្រើហិង្សាខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃព្រហស្បត៍ ១៣រោច ខែទុតិមាសាឍ ឆាំ្នចសំរិទិ្ធ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ក្រោយប្រើហិង្សាទៅលើស្រ្តីរងគ្រោះកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១០យប់ ស្ថិតនៅចំណុចបន្ទប់ជួលផ្ទះលេខ៣៧អឺ០ហ្សិត  តាមបណ្តោយផ្លូវលេខ១៥៤ ភូមិ៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

ជនសង្ស័យឈ្មោះ អ៊ឹម ស៊ីថា អាយុ៣៤ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅទីតាំងឃាត់ខ្លួនខាងលើ។ ចំណែកស្រ្តីរងគ្រោះឈ្មោះ អ៊ុង សុភក្រ្ត អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៥អឺហ្សិត តាមបណ្តោយផ្លូវលេខ១៧៤ ភូមិ១៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រងរបួសភ្នែកទាំងសងខាង ជាំចង្កះ មួយចំហៀងខាងឆ្វេងធ្ងន់ធ្ងរ។ រីឯវត្ថុតាងចាប់យកពីជនដៃដល់មាន៖ទូរស័ព្ទដៃមួយគ្រឿងម៉ាក HUAWEI ពណ៌ទឹកមាស ជនរបស់ជនសង្ស័យ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះបានរាប់អានគ្នាយូរមកហើយ ដោយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ជនសង្ស័យបាននាំជនរងគ្រោះទៅលេងផ្ទះបងស្រីរបស់ខ្លួននៅ គៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វារ ។ លុះពេលជិះម៉ូតូរ៉ឺម៉កត្រលប់មកផ្ទះវិញ ជនសង្ស័យបានសុំស្រឡាញ់ស្រ្តីរងគ្រោះធ្វើជាប្តីប្រពន្ធនឹងគ្នា ប៉ុន្តែពេលនោះស្រ្តីរងគ្រោះក៏បានឆ្លើយបដិសេធថា រាប់គ្នាជាបងប្អូនបានហើយ ស្រាប់តែរូបគេខឹង បានធ្វើសកម្មភាពទះកំផ្លៀងនាង៣ដៃ នឹងបានឲ្យម៉ូតូរ៉ឺម៉កដឹកទៅផ្ទះជួលរបស់ខ្លួន គ្រាន់តែម៉ូតូរ៉ឺម៉កឈប់ភ្លាមបុរសរូបនោះបានអូសដៃនាងចូលបន្ទប់រួច វាយយកៗបណ្ដាលឲ្យរងរបួសធ្ងន់ ហើយគេចខ្លួនបាត់ស្រមោលតែម្តង។ បន្ទាប់មកស្ត្រីរងគ្រោះបានទូរស័ព្ទហៅបងប្អូនឲ្យមកដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ រហូតនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ស្រ្តីរងគ្រោះបានចេញពីមន្ទីរពេទ្យក៏បានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ជនសង្ស័យយកមកដាក់ទោសតាមច្បាប់។

ក្រោយពីសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ទទួលពាក្យបណ្តឹងពីជនរងគ្រោះរួច បើកការស្រាវជ្រាវរហូតនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ក៏ឃាត់ខ្លួនជនសង្ស័យបានតែម្តង។

បច្ចុប្បន្នបច្ចុប្បន្ន ជនសង្ស័យឈ្មោះ អ៊ឹម ស៊ីថា កំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post